ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក វង សូត បានអនុញ្ញាតឱ្យ លោក Huang Kejin ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

នៅព្រឹកថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា លោក វង សូត អនុប្រធានទី២រដ្ឋសភា បានអនុញ្ញាតឱ្យ លោក Huang Kejin ប្រធានប្រតិបត្តិសមាគមសភាពាណិជ្ជកម្មខេត្តហ្វូជាន នៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាស លោក វង សូត អនុប្រធានទី២ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងអញ្ជើញធ្វើដំណើរបំពេញបេសកកម្មចូលរួមក្នុងសន្និសីទពិភពលោកលើកទី២ស្តីពីអរិយធម៌ចិន និងការលើកកម្ពស់ទំនើបភាវូបនីយកម្មពិភពលោក ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នាក្រុង Nanping ខេត្ត Fujian នៃសាធារណរដ្ឋប្រជាមានិតចិន។
គួរបញ្ជាក់ថា លោក វង សូត អនុប្រធានទី២ នឹងឡើងថ្លែងសុន្ទរកថាក្នុងពិធីបើកសន្និសីទពិភពលោកលើកទី២ ដែលរៀបចំដោយសមាគមចិនសម្រាប់ការយល់ដឹងអន្តរជាតិ (CAFIU) ដែលជាព្រឹត្តិការណ៍មួយសម្រាប់ពិភពលោកត្រូវមានការរួបរួមគ្នា និងពិភាក្សាកាន់តែមានភាពស៊ីជម្រៅជាមួយបណ្តាអ្នកនយោបាយ អ្នកសិក្សាស្រាវជ្រាវ សង្គមស៊ីវិល ដែលមកពីប្រទេសនានា អំពីបញ្ហាប្រឈមផ្សេងៗ សម្រាប់ការរៀនសូត្រពីវប្បធម៌នានា ដើម្បីនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍ។
ក្នុងជំនួបពិភាក្សានោះដែរ លោក វង សូត សង្ឃឹមថា លទ្ធផលនៃអង្គសន្និសីទនឹងរួមចំណែកលើកទឹកចិត្តដល់មនុស្សជាតិ ឱ្យចាកផុតពីភាពខ្វែងគំនិតគ្នា តាមរយៈការរៀនសូត្រពីគ្នាទៅវិញទៅមកនូវវប្បធម៌ អរិយធម៌ចម្រុះ ដើម្បីធ្វើជាស្ពានតភ្ជាប់អរិយធម៌មនុស្សជាតិរួមគ្នា និងរួមគ្នាបង្កើនការយល់ដឹង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីឆ្ពោះទៅកសាងសហគមន៍ជោគវាសនារួមគ្នា ៕