ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការផ្តល់ធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ នឹងសម្រេចបានសមិទ្ធផលបទដ្ឋានគតិយុត្ត ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ

លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគ.វ.រ. ក្នុងឱកាសដឹកនាំក្នុងកិច្ចប្រជុំលើកទី៣ របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) នាថ្ងៃទី២៣ ខែតុលាម្សិលមិញនេះ បានគូសបញ្ជាក់ថា បរិយាកាសនៃការជជែក​ពិភាក្សា ផ្តល់ធាតុចូល និងពិគ្រោះយោបល់ត្រង់ទៅត្រង់មកពីគ្រប់ភាគីទាំងអស់ ធ្វើឱ្យយើងសម្រេចបានសមិទ្ធផលបទដ្ឋានគតិយុត្តដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ហើយអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

តាមរយៈកិច្ចប្រជុំខាងលើ លោក ឧបនាយករដ្ឋមន្ត្រី បានផ្តល់ឱកាសដល់អង្គប្រជុំបានស្តាប់បទបង្ហាញ និងអនុញ្ញាតឱ្យសមាជិក សមាជិកា នៃកិច្ចប្រជុំទាំងអស់បានចូលរួមមតិយោបល់ និងផ្តល់ធាតុចូល លើការតាក់តែងសេចក្តីព្រៀងចំនួន២។ ឯកសារទាំង២ ដែលសុទ្ធតែឯកសារបទដ្ឋានគតិយុត្តសម្រាប់ការកែទម្រង់រដ្ឋបាលសាធារណៈ រួមមាន (១) ព្រះរាជក្រឹត្យស្តីពីគោលការណ៍រួមនៃការជ្រើសរើស និងការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ និង(២) សេចក្តីព្រាងអនុក្រឹត្យ ស្តីពីគោលការណ៍ និងនីតិវិធីនៃការតែងតាំង ផ្លាស់ប្តូរ និងការបញ្ចប់មុខតំណែងនាយក នៅគ្រឹះស្ថានសិក្សាមត្តេយ្យសាធារណៈ និងគ្រឹះស្ថានបឋមសិក្សាសាធារណៈ។

ឆ្លៀតនាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យរក្សាបរិយាកាសនៃការជជែក​ពិភាក្សា ផ្តល់ធាតុចូល និងពិគ្រោះយោបល់ត្រង់ទៅត្រង់មកពីគ្រប់ភាគីទាំងអស់ លើការតាក់តែងឯកសារបទដ្ឋានគតិយុត្ត ដែលក្រសួងមុខងារសាធារណៈ បាន និងកំពុងដឹកនាំរៀបចំ។

លោកឧបនាយករដ្ឋមន្ត្រី បន្ថែមថា កិច្ចប្រជុំនាពេលនេះ​ បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់របស់ថ្នាក់ដឹកនាំស្ថាប័ន និងអង្គប្រជុំ តាមរយៈការចូលរួមមតិយោបល់យ៉ាងផុលផុសទាំងថ្នាក់ជាតិ និង រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការពិចារណាលើគ្រប់វិស័យ និងគ្រប់ជ្រុងជ្រោយទាំងអស់។ តាមរយៈកិច្ចសហការចូលរួមជាមួយគ្នាក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយនេះហើយ ទើបយើងអាចសម្រេចបានសមិទ្ធកម្មជាក់លាក់ មានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

គួររម្លឹកថា ក្នុងក្របខណ្ឌនៃលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានដឹកនាំកិច្ចប្រជុំបាន២ លើក និងសម្រេចបានជាសមិទ្ធកម្មជាក់ស្តែង ដែលបានដាក់ចេញ និងកំពុងបន្តអនុវត្តយ៉ាងមានប្រសិទ្ធភាព។ កិច្ចប្រជុំលើកទី១ គឺជាការប្រមូលធាតុចូលលើសេចក្តីព្រាងផែនការសកម្មភាពដើម្បីអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។

ខណៈនេះ ផែនការសកម្មភាព២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រេចបានជាស្ថាពរ និងកំពុងអនុវត្ត។ កិច្ចប្រជុំលើកទី២ គឺជាកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់លើដំណើរការនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីរាជការស៊ីវិល។

ខណៈនេះដែរ ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការស៊ីវិល ស្ថិតក្នុងដំណាក់កាលនៃការទទួលបានរបាយការណ៍ពីគ្រប់ក្រសួង ស្ថាប័ន។ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ដែលអនុវត្តគម្រោងនេះ កំពុងសហការជាមួយបណ្តាក្រសួង ស្ថាប័នរៀបចំសិក្ខាសាលាស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងស្ថាប័ន នីមួយៗ។ ដោយឡែក ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីរាជការស៊ីវិលថ្នាក់ក្រោមជាតិ លើវិស័យអប់រំ និងសុខាភិបាលសម្រេចបានការប្រមូលទិន្នន័យ ១០០% និងកំពុងបន្តធ្វើបច្ចុប្បន្នភាពនៅថ្នាក់ជាតិ ជាបន្តបន្ទាប់។ ដោយ៖ កន ចំណាន