ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងសុខាភិបាល និងក្រសួងផែនការ

នាព្រឹកថៃ្ងសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក.ប.ទ. លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល (ក.ស.ប.) និង លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ (ក.ផ.ក.) បានអញ្ជើញជាអធិបតីនិងជាហត្ថលេខីក្នុងពិធីចុះហត្ថលេខាលើ “អនុស្សរណៈនៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ិនធឺណិតឥតខ្សែ ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនដល់មន្រ្តីរាជការក្រោមឱវាទ”។ ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពី លោក លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃ ក.ប.ទ. ក.ស.ប. និង ក.ផ.ក. សរុបចំនួនប្រមាណ ២៥០ នាក់។ អនុស្សរណៈនៃការយោគយល់នេះមានគោលបំណង ៤ សំខាន់ៗ ដូចខាងក្រោម៖ 1. ការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់ឯកសារចេញដោយ ក.ស.ប. និង ក.ផ.ក. ដើម្បីលុបបំបាត់ការក្លែងបន្លំ។ 2. ការរៀបចំហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតឥតខ្សែសម្រាប់ការប្រើប្រាស់ក្នុង ក.ស.ប. និង ក.ផ.ក. 3. ការសហការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល រួមមាន៖ ៣.១. ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់ប្រើប្រាស់នៅ ក.ស.ប.៖ – ប្រព័ន្ធគ្រប់គ្រងមូលដ្ឋានសុខាភិបាលដោយប្រើប្រាស់ថ្នាល verify.gov.kh – ប្រព័ន្ធគ្រប់គ្រងអាជ្ញាបណ្ណអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលដោយប្រើប្រាស់ថ្នាល verify.gov.kh – ប្រព័ន្ធគ្រប់គ្រងកំណត់ត្រាវេជ្ជសាស្រ្តអេឡិចត្រូនិក (Electronic Medical Record/EMR) និង – ការបំពាក់ឧបករណ៍ឌីជីថលជូនមន្ទីរពេទ្យជាតិនិងមន្ទីរពេទ្យរាជធានី ខេត្តក្នុងដំណាក់កាលទី១ ដើម្បីប្រើប្រាស់សម្រាប់ផ្តល់ការប្រឹក្សាវេជ្ជសាស្រ្តតាមប្រព័ន្ធអនឡាញ និងឈានទៅពង្រីកដល់មន្ទីរពេទ្យបង្អែកជាបន្តបន្ទាប់ទៀត។ ៣.២. ប្រព័ន្ធគ្រប់គ្រងទិន្នន័យមូលដ្ឋានឃុំ សង្កាត់ សម្រាប់ប្រើប្រាស់នៅ ក.ផ.ក.។ 4. ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថល ជូនដល់មន្ត្រីរាជការនៃ ក.ស.ប. និង ក.ផ.ក. ឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថលចាំបាច់សម្រាប់សម្រួលដល់ការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផល និងឆាប់រហ័ស។ ទាំងអស់នេះ គឺជាសកម្មភាពការងារអាទិភាព ដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។ ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើប្រាស់ឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម នៅលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន។