បណ្ឌិត ម៉ៅ ហាវណ្ណាល បានថ្លែងសារសំខាន់ៗក្នុងជំនួបជាមួយសមាជិកគណៈនៃកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តហឺណាន
ខេត្តហឺណាន : លោកបណ្ឌិត ម៉ៅ ហាវណ្ណាល រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បាននថ្លែងសារសំខាន់ៗក្នុងជំនួបជាមួយ លោកស៊ុន សូវកាង (Sun Shougang) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តហឺណាន និងជាអភិបាលរងប្រតិបត្តិខេត្ត លោក ចាង មីងឆាវ (Zhang Mingchao) ប្រធានក្រុមហ៊ុនចុងអ៊ីអេវីអេសិនគ្រុប (Zhongyu Aviation Group)។
នៅក្នុងជំនួបធ្វើឡើងនៅថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០២៤នេះគឺ មាន លោក អ៊ី យឹអ៊ូ (Yi Riwu) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Henan Airport Investment Group, លោក ចាន់ ដេវីដ (Zhan David) នាយកប្រតិបត្តិក្រុមហ៊ុន Air Cambodia, លោក Alexis Vidal ប្រធានផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុនយន្តហោះ ATR របស់ប្រទេសបារាំង និងមន្រ្តីរាជការខេត្តហឺណានចូលរួមផងដែរ។
លោកបណ្ឌិតរដ្ឋមន្រ្តីបានថ្លែងថា នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ខ្ញុំមកកាន់ខេត្តហឺណាន ដែលជាស្រុកកំណើតដ៏មានឥទ្ធិពលនៃអរិយធម៌ចិន និងជាខេត្តដែលមានសេដ្ឋកិច្ចផលិតផលក្នុងស្រុកសរុបធំទីប្រាំនៅក្នុងប្រទេសចិន។
លើសពីនេះកុងហ្វូរបស់ចិនដ៏ល្បីល្បាញលើសកលលោក ក៏មានដើមកំណើតនៅទីនេះផងដែរ រឿងនគរបី ឬសាមកុក បានកើតឡើងនៅទីនេះ ហើយវត្តសាវលីងក៏មានទីតាំងនៅទីនេះ ដែលប្រជាជនខ្មែរទូទៅស្គាល់ និងចូលចិត្តខេត្តហឺណាន។
លោកបណ្ឌិតបានថ្លែងទៀតថា «ថ្ងៃនេះ ខ្ញុំពិតជាមានកិត្តិយសដែលបានចូលរួមធ្វើជាសាក្សីរួមគ្នាជាមួយ ឯកឧត្តម ស៊ុន សូវកាង (Sun Shougang) ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញទានសម្រាប់ ជួលយន្តហោះប្រភេទATRចំនួនបីគ្រឿងរវាងក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា និងក្រុមហ៊ុន ចុងអ៊ីអេវីអេសិនគ្រុប (Zhongyu Aviation Group) ដែលជាសហគ្រាសរដ្ឋដ៏ធំមួយនៅក្នុងខេត្តហឺណានមួយនេះ»។
លោករដ្ឋមន្រ្តីលើកឡើងថា នេះមិនត្រឹមជាព្រឹត្តិការណ៍ធំសំខាន់មួយនៅក្នុងកិច្ចសហប្រតិបត្តិការអាកាសចរណ៍ស៊ីវិលរវាងខេត្តហឺណាន និងកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការកត់សម្គាល់នៃ កិច្ចសហប្រតិបត្តិការអាកាសចរណ៍រវាងចិន និងកម្ពុជាឈានដល់កម្រិតថ្មីមួយទៀត។
រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថា ចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសកម្ពុជា និងខេត្តហឺណានមានភាពស៊ីជម្រៅ និងយូរអង្វែង ហើយទំនាក់ទំនងទ្វេភាគីមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងវិស័យផ្សេងៗ ជាពិសេសក្នុងវិស័យអាកាសចរណ៍។
នៅកំឡុងខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុនHenan Airport Investment Group ដែលជាសហគ្រាសរដ្ឋដ៏ធំរបស់ខេត្តហឺណានបានទិញកាន់កាប់ភាគហ៊ុន២៨% របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា និងក្លាយជាម្ចាស់ភាគហ៊ុនធំទីពីរបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលវាជាព្រឹត្តិការណ៍ដ៏សំខាន់ដំបូងគេក្នុងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនចុងអ៊ីអេវីអេសិនគ្រុប (Zhongyu Aviation Group) និងក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា លើការបញ្ជាទិញយន្តហោះប្រភេទATR ចំនួនបីគ្រឿង។
កាលពីខែមេសាឆ្នាំនេះ អភិបាលរងប្រតិបត្តិ ឯកឧត្តម ស៊ុន សូវកាង (Sun Shougang) បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលបានបញ្ចូលកម្លាំងជំរុញថ្មីទៅ ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យអាកាសចរណ៍ ទេសចរណ៍ សេដ្ឋកិច្ច និងពាណិជ្ជ កម្ម រួមនិងវិស័យផ្សេងៗទៀត។ ដំណើរទស្សនកិច្ចនោះមិនត្រឹមតែធ្វើឲ្យការស្វែងយល់របស់យើងកាន់តែស៊ីជម្រៅប៉ុណ្ណោះទេថែមទាំងបានរួមចំណែកដោយផ្ទាល់ដល់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ក្នុងការបង្កើនជើងហោះហើរពីភ្នំពេញទៅចឹងចូវ និងកិច្ចសហប្រតិបត្តិការនៃការបញ្ជាទិញយន្តហោះប្រភេទATRលើកនេះផងដែរ។
កម្ពុជាពិតជាមានក្តីសោមនស្សរីករាយ និងកិត្តិយស យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្តាយស្រណោះស្រឡាញ់មិត្ត ភាព និងកិច្ចសហប្រតិបត្តិការនេះយ៉ាងខ្លាំង។ជាការពិតណាស់ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា មិនត្រឹមតែជាស្ពានដ៏សំខាន់នៃការតភ្ជាប់រមវាងប្រទេសកម្ពុជា និងខេត្តហឺណានប៉ុណ្ណោះទេ ថែមទាំងជាគំរូនៃការបណ្តាក់ទុនរួមគ្នារវាងខេត្តហឺណាន និងប្រទេសកម្ពុជា ដែលធ្វើឱ្យកម្ពុជានិងហឺណានក្លាយជាគ្រួសារតែមួយដែលរួមគ្នាបំពេញបេសកកម្មកសាងគម្រោងផ្លូវសូត្រអាកាសហឺណាន-កម្ពុជា-អាស៊ាន(ហៅកាត់ថាផ្លូវសូត្រអាស៊ាន)។ ផ្លូវសូត្រអាស៊ាននេះមានសារៈសំខាន់សម្រាប់ទាំងកម្ពុជា និងចិន ដោយវានឹងជំរុញការសាងសង់មជ្ឈមណ្ឌលអាកាសចរណ៍ពីររវាងទីក្រុងចឹងចូវ និង ទីក្រុងភ្នំពេញដោយតភ្ជាប់ទីក្រុងទាំងពីរទៅកាន់តំបន់ឆ្ងាយរបស់អាស៊ីឦសានអាស៊ីកណ្តាល និងតំបន់ចុងបូព៌ារបស់រុស្សីបន្តទៅភាគខាងជើង និងតភ្ជាប់ បណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ទៅភាគខាងត្បូងវានឹងពង្រឹងយ៉ាងខ្លាំងនូវការតភ្ជាប់ក្នុងតំបន់ និងលើកកម្ពស់វិបុលភាពសេដ្ឋកិច្ច និងសុខុមាលភាពរបស់ប្រជាជន។
ក្រុមហ៊ុនចុងអ៊ីអេវីអេសិនគ្រុប (Zhongyu Aviation Group) បានផ្តល់ការជួលអាកាសយានATR ចំនួន៣គ្រឿងដល់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាលើកនេះ ដែល ចំពេល ជាវិធានការសំខាន់ក្នុងការពង្រឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវសូត្រអាស៊ាន។
កិច្ចសហប្រតិបត្តិការនេះពិតជាមិនត្រឹមតែពង្រឹង និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការកម្លាំងក្រុមយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឱ្យមានការបើកផ្លូវហោះហើរថ្មីជាច្រើននៅតាមបណ្តោយផ្លូវសូត្រអាស៊ាន និងនាំមកនូវឱកាសថ្មីៗដល់ការកាលានុវត្តភាពនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចទីក្រុងចឹងចូវ និងកម្ពុជា។