ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រាជរដ្ឋាភិបាលជំរុញឱ្យស្ថាប័នពាក់ព័ន្ធ ពង្រឹងប្រព័ន្ធស្បៀងឱ្យកាន់តែមានភាពរឹងមាំ ឆ្លាតវៃ ធន់ ប្រកបបដោយបរិយាបន្ន

ប្រមុខរាជរដ្ឋាភិបាលជំរុញឱ្យស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់និងអនុវត្តភារកិច្ចរបស់ខ្លួន ដើម្បីពង្រឹងប្រព័ន្ធស្បៀងឱ្យកាន់តែមានភាពរឹងមាំ ឆ្លាតវៃ ធន់ បរិយាបន្ន ផ្តល់របបអាហារសុខភាព និងអាហារូបត្ថម្ភ សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា តាមរយៈសារលិខិត ក្នុងទិវាជាតិអាហារូបត្ថម្ភ លើកទី១១ ប្រធានបទ “អាហារូបត្ថម្ភដើម្បីការលូតលាស់ និងកំណើន” បានមានប្រសាសន៍ថា ក្នុងគោលបំណងលុបបំបាត់ បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ ឱ្យមាន ប្រសិទ្ធភាព រាជរដ្ឋាភិបាលសូមផ្តល់នូវអនុសាសន៍ឱ្យ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដែលជាប្រធានក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ត្រូវបន្តសម្រប សម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យ ឯកជន និងតួអង្គពាក់ព័ន្ធដទៃទៀត រៀបចំនិងអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨ និងធ្វើ បច្ចុប្បន្នភាពផែនទីបង្ហាញផ្លូវ ស្តីពីប្រព័ន្ធស្បៀងសម្រាប់ការ អភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ឆ្នាំ២០៣០ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និង បញ្ហាប្រឈមជាសកលនានាដែលកើតមានឡើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ក្រសួងកសិកម្ម ត្រូវបន្តធ្វើទំនើបកម្មកសិកម្ម ដើម្បីលើកកម្ពស់ ផលិតភាព ពិពិធភាវូនីយកម្មដំណាំដែលមានសក្តានុពលនិងទីផ្សារ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដាំ ដំណាំ បន្លែ ផ្លែឈើ ចិញ្ចឹមសត្វ និងវារីវប្បកម្ម ព្រមទាំងកែលម្អគុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម សម្រាប់ការប្រើប្រាស់ក្នុងស្រុកនិងនាំចេញ តាមរយៈការស្រាវជ្រាវនិងផ្សព្វផ្សាយ ការប្រើប្រាស់បច្ចេកវិទ្យា ថ្មីៗ គ្រាប់ពូជដំណាំ និងពូជសត្វដែលមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ទិន្នន័យស្តីពីការដាំដុះ និងការពារផលិតផលស្បៀងអាហារដែលកើតចេញពីធម្មជាតិ ដើម្បីលើកកម្ពស់សន្តិសុខស្បៀងនិង អាហារូបត្ថម្ភរបស់ប្រជាជន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា ក្រសួងសុខាភិបាល ត្រូវបន្តអប់រំផ្សព្វផ្សាយឱ្យស្ត្រីទៅទទួល ការប្រឹក្សាយោបល់ស្តីពីអាហារូបត្ថម្ភ នៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ក្នុងអំឡុងពេលមានផ្ទៃពោះ និងក្រោយសម្រាល និងរក្សាទម្លាប់ បំបៅកូនដោយទឹកដោះម្តាយឱ្យបានល្អ រួមមានការចាប់ផ្តើមបំបៅកូន ដោយទឹកដោះម្តាយក្នុងម៉ោងដំបូង ក្រោយពីសម្រាល និងបន្តការបំបៅកូនដោយទឹកដោះម្តាយនេះ ឱ្យបាន រហូតដល់កុមារមានអាយុយ៉ាងតិច បំផុត២ឆ្នាំ។ ចំណែក មាតា បិតា ឬអាណាព្យាបាលនាំកូនដែលមាន អាយុក្រោម២ឆ្នាំ ទៅមណ្ឌលសុខភាព ដើម្បីតាមដានសុខភាព និងតាមដានការលូតលាស់របស់កុមារ និងសូមនាំកុមារដែលមានអាយុចាប់ពី៦ខែ ដល់៥៩ខែ ទៅទទួលគ្រាប់ថ្នាំជីវជាតិអា ឱ្យបានពីរដងក្នុង មួយឆ្នាំ នៅតាមមណ្ឌលសុខភាព ឬនៅតាម មូលដ្ឋានសុខាភិបាលនានា ដើម្បីជួយដល់ការលូតលាស់ របស់កុមារ និងជួយពង្រឹងប្រព័ន្ធរាងកាយទប់ទល់នឹង ការបង្ករោគផ្សេងៗ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ ត្រូវបន្តជំរុញពង្រឹងការអនុវត្តលើតម្រូវការ ការប្រើប្រាស់ស្លាកសញ្ញាសម្គាល់ផលិតផល និងព័ត៌មាន អាហារូបត្ថម្ភជាអក្សរខ្មែរលើគ្រប់មុខទំនិញ រួមទាំង អាហារបញ្ចូលមីក្រូសារជាតិ ដើម្បីជួយឱ្យអ្នកប្រើប្រាស់ ធ្វើការសម្រេចចិត្តបានត្រឹមត្រូវក្នុងការជ្រើសរើស អាហារបរិភោគ និងត្រូវលើកកម្ពស់ការអប់រំអាហារូបត្ថម្ភ ដល់សិស្សានុសិស្ស តាមរយៈកម្មវិធីផ្តល់អាហារ តាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ និងការផ្តល់សេវាអប់រំស្តីពីអាហារូបត្ថម្ភ ដូចជា ការទម្លាក់ព្រូន ការត្រួតពិនិត្យសុខភាព អនាម័យ និងការ ប្រឹក្សាយោបល់ស្តីពីសុវត្ថិភាពចំណីអាហារជាដើម៕