ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្វើទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Yunnan Investment Holding Group Co., Ltd

ទីក្រុងគុនមីង៖ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានធ្វើទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Yunnan Investment Holding Group Co., Ltd (YIG) ដើម្បីស្វែងយល់ពីសក្តានុពលនៃការអភិវឌ្ឍ និងវិនិយោគរបស់ក្រុមហ៊ុន ទាំងនៅប្រទេសចិន និងប្រទេសកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី បានពិភាក្សាការងារជាមួយ លោក Liu Minglin ប្រធានក្រុមហ៊ុន(YIG) រួមជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន YIG ជាច្រើនរូបទៀត ដោយផ្តោតលើការជម្រុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ពិសេសបង្កើនការវិនិយោគថ្មីៗក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប។ លោកប្រធានក្រុមហ៊ុន បានបង្ហាញពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនលោក ដែលជាក្រុមហ៊ុនដ៏ធំបំផុតក្នុងខេត្តយូណាន និងឈានមុខមួយក្នុងប្រទេសចិន និងមានទុនវិនិយោគរាប់ពាន់លានដុល្លា ក្នុងការបណ្តាក់ទុកវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា។ លោក ក៏បានគូសបញ្ជាក់ថា លោកនឹងចាត់ក្រុមការងារជំនាញរបស់ក្រុមហ៊ុនលោក ចុះទៅសិក្សាផ្ទាល់លើសក្តានុពលកម្ពុជាក្នុងពេលដ៏ឆាប់ខាងមុខនេះ។

លោករដ្ឋមន្រ្តី ក៏បានសាទរ និងស្វាគមន៍ចំពោះរាល់ការវិនិយោគលើវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា និងបានស្នើឱ្យប្រធានក្រុមហ៊ុន រៀបចំគម្រោងវិនិយោគនេះឱ្យបានរួចរាល់ និងបញ្ជូនមករាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យ និងសម្រេច។ លោករដ្ឋមន្រ្តី ក៏បានស្នើឱ្យលោកប្រធានក្រុមហ៊ុន ពង្រឹងទំនាក់ទំនងជាមួយវិស័យឯកជនកម្ពុជា និងកៀរគរអ្នកវិនិយោគមកបណ្តាក់ទុនលើការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាឱ្យបានច្រើន។