សម្តេចតេជោ បានបញ្ជាក់ដល់អង្គសន្និសីទនូវអនុសាសន៍ ៧ ចំណុច រួមមាន៖
១- ត្រូវរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសកលលោក ដើម្បីផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ការអភិវឌ្ឍ បច្ចេកវិទ្យា និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីទាញយកអត្ថប្រយោជន៍ពីបដិវត្តឧស្សាហកម្មទី៤ និងការបង្កើតឡើងនូវកាលានុវត្តភាពនៃបច្ចេកវិទ្យាឌីជីថល។
២- ត្រូវរួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់ព័ត៌មាន ក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យាតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន តាមរយៈការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាបព័ត៌មានក្លែងបន្លំ។
៣- ត្រូវពង្រឹងការអនុវត្តច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ ជៀសវាងការផ្សាយព័ត៌មានក្លែងបន្លំ គំនុំគុំកួន ការជេរប្រមាថ ការញុះញង់បញ្ឆេះកំហឹងដោយការស្ពប់ខ្ពើម រើសអើង បង្កជម្លោះរវាងជាតិសាសន៍ សាសនា ឬបំផ្លើសព័ត៌មានខុសពីការពិត ដែលបង្កើតឲ្យមានអសន្តិសុខសង្គម។
៤- ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានជិតស្និទ្ធ ដើម្បីដោះស្រាយទំនាស់នៃការផ្សាយព័ត៌មាន ដែលបង្កឲ្យកើតមានភាពវឹកវរ និងប៉ះញល់ដល់ការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល។
៥- ត្រូវរួមគ្នាយកចិត្តទុកដាក់បង្កើនសមត្ថភាពយល់ដឹង ទាំងផ្នែកបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីដើរឲ្យទាន់តម្រូវការទីផ្សារ ការវិវត្តនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយ និងការវិវត្តសភាពការណ៍សកលលោក។
៦- ត្រូវធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយប្រពៃណី ក្លាយជាប្រព័ន្ធ ដែលមានភាពវ័យឆ្លាត និងឤចបត់បែនទៅតាមស្ថានភាពជាក់ស្តែង និងការវិវត្តន៍នៃបច្ចេកវិទ្យាទំនើប ដើម្បីប្រឈមនឹងការប្រកួតប្រជែងទីផ្សារក្នុងយុគសម័យឌីជីថល។
៧- ត្រូវរួមគ្នាកសាងគោលនយោបាយក្របខណ្ឌយុទ្ធសា្រស្ត បទប្បញ្ញត្តិច្បាប់ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងបទប្បញ្ញត្តិស្តង់ដាសុវត្ថិភាព ឌីជីថល ដែលជាកត្តាចាំបាច់ សម្រាប់ការគ្រប់គ្រង សុវត្ថិភាពទិន្នន័យ ក្នុងការធ្វើពាណិជ្ជកម្ម ការទូទាត់តាមប្រព័ន្ធអេឡិកត្រូនិក និងសន្តិសុខ តាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីប្រឆាំងនឹងព័ត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា។
សូមបញ្ជាក់ថា សន្និសីទកំពូល «សារព័ត៌មានអាស៊ី» លើកទី១៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ក្រោមប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយឌីជីថល-អភិវឌ្ឍន៍ទីផ្សារ»។
សន្និសីទថ្ងៃនេះ ក៏ជជែកពិភាក្សាទៅបញ្ហាប្រឈមរបស់ស្ថាប័នព័ត៌មាន និងវិស័យព័ត៌មានក្នុងយុគសម័យបច្ចេកវិទ្យាទំនើបនេះ និងការប្រកួតប្រជែងដ៏ខ្លាំងក្លាជាមួយបណ្តាញសង្គមនេះ នឹងមានអ្នកចូលរួមជាថ្នាក់ដឹកនាំ និងតំណាងស្ថាប័នរដ្ឋាភិបាល ស្ថាប័នសារព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្ត រជាតិប្រមាណ៥០០នាក់ មកពីបណ្ដាប្រទេសជាង៤០ នៅក្នុងតំបន់ និងលើពិភពលោក។
សន្និសីទកំពូលសារព័ត៌មានអាស៊ី គឺជាព្រឹត្តិការណ៍អន្តរជាតិនាំមុខមួយក្នុងវិស័យសោតទស្សន៍ ដែលផ្តល់កាលានុវត្តភាពដល់រដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មាន ប្រតិបត្តិករសោតទស្សន៍ និងបុគ្គលិកបម្រើការងារឲ្យប្រព័ន្ធផ្សព្វផ្សាយ ថ្នាក់ដឹកនាំវិស័យឧស្សាហកម្ម សកលវិទ្យាល័យ អ្នកស្រាវជ្រាវ អ្នកជំនាញ និងអ្នកតាក់តែងគោលនយោបាយ នៅជុំវិញពិភពលោក ដើម្បីជួបជុំ និងពិភាក្សាអំពីការអភិវឌ្ឍគុណភាពនៃប្រព័ន្ធផ្សព្វផ្សាយ និងដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងអំឡុងពេលនៃបដិវត្តន៍បច្ចេកវិទ្យាទំនើប៕