ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សមត្ថកិច្ចចម្រុះជាង ១ម៉ឺន ៦ពាន់នាក់ នឹងត្រូវដាក់ពង្រាយ ដើម្បីការពារ សន្តិសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះប្រមាណជាង ១ម៉ឺន ៦ពាន់នាក់ នឹងត្រូវដាក់ពង្រាយដើម្បីការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅក្នុងរាជធានីភ្នំពេញ។នេះបើតាមការបញ្ជាក់នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅនាយកដ្ឋានអង្គរក្ស នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការការពាររក្សាសន្ដិសុខ របៀបរៀបរយ សណ្ដាប់ធ្នាប់សង្គម ចរាចរណ៍ សង្គ្រោះទូកលិច និងអ្នកជំងឺ និងឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងការពារជាតិ។ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បានបញ្ចាក់ថា ផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីនេះ ត្រូវបានរៀបចំយ៉ាងម៉ត់ចត់ ដោយមានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន និងក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធ ដើម្បីធានាថា ព្រះរាជពិធីបុណ្យទូក នឹងត្រូវបានប្រព្រឹត្តទៅដោយរលូន មិនមានបញ្ហាណាមួយកើតឡើងនោះឡើយ។

នាយឧត្តមសេនីយ៍ ស ថេត បានឲ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក នៅឆ្នាំ២០២៤នេះ មានទូកចូលរួមប្រណាំងចំនួន៣៤៦គ្រឿង, ចំណុះទូកជាង២ម៉ឺននាក់, ប្រទីបចំនួន៣៦ប្រទីប, ទីតាំងប្រគុំតន្ដ្រី ប្រដាល់ និងពិធីផ្សេងៗ ចំនួន១០កន្លែង។ នាយឧត្តមសេនីយ៍ បន្ដថា ក្រោមម្លប់សន្តិភាព និងភាពរីកចម្រើនរបស់ប្រទេសជាតិ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នឹងត្រូវរៀបចំយ៉ាងអធិកអធមជាងបណ្តាឆ្នាំមុនៗ។ក្នុងន័យនេះ នាយឧត្តមសេនីយ៍ ស ថេត បានសង្កត់ធ្ងន់ថា គ្រប់កម្លាំងសមត្ថកិច្ចទាំងអស់ដែលមានតួនាទីភារកិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីនេះ គឺត្រូវបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ពោលត្រូវធានាដល់ព្រះរាជសុវត្ថិភាព អង្គព្រះមហាក្សត្រ សម្តេច ឥស្សរជនជាន់ខ្ពស់ និងមហាជនដែលអញ្ជើញ មកពីបណ្តាខេត្តទូទាំងប្រទេស អញ្ជើញចូលរួមអបអរសាទរកម្សាន្ដសប្បាយ។

នាយឧត្តមសេនីយ៍ ស ថេត បានដាក់ចេញនូវបទបញ្ជា ក៏ដូចជាការណែនាំដល់កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តវិធានការរួម ពោលធានាឲ្យបានដាច់ខាតនូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងធានាព្រះរាជសុវត្ថិភាពថ្វាយ ព្រះមហាក្សត្រ សុវត្ថិភាពជូនសម្ដេច និងឥស្សរជនជាន់ខ្ពស់ ក្នុងព្រះរាជពិធីនេះ ដោយប្រើប្រាស់វិធានការសរុប មធ្យោបាយសរុប និងកម្លាំងសរុប សំដៅធានាដល់កិច្ចសហការការពារសុវត្ថិភាពក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៤។ បន្ថែមពីនេះ ត្រូវពង្រឹងកិច្ចសហការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពីគ្រប់អង្គភាព និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តឲ្យបានសម្រេចតាមផែនការដែលបានដាក់ចេញ។ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏សុំនូវការយោគយល់អធ្យាស្រ័យចំពោះប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរឆ្លងកាត់តំបន់ដែលមានការបិទផ្លូវ ឬក៏បញ្ហាកកស្ទះចរាចរណ៍ ដោយសារតែការប្រមូលផ្ដុំនៅទីតាំងកម្សាន្ដសប្បាយផ្សេងៗ ប៉ុន្ដែទោះជាយ៉ាងណាកម្លាំងសមត្ថកិច្ចទាំងអស់ នឹងខិតខំប្រឹងប្រែងប្រើប្រាស់គ្រប់លទ្ធភាព ដើម្បីកាត់បន្ថយនូវផលរំខានដោយប្រការណាមួយ។សូមជម្រាបថា កម្លាំងសរុបទាំងជាង ១ម៉ឺន ពាន់ ៦នាក់នេះ មកពី១៦ស្ថាប័ន អង្គភាព ក្នុងនោះ មានអគ្គស្នងការដ្ឋាននគរបាលជាតិ, បញ្ជាការដ្ឋានកងរាជអាវុធហត្ថ, បញ្ជាការដ្ឋានអង្គរក្ស, បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម, បញ្ជាការដ្ឋានកងទ័ពជើងទឹក, យោធភូមិភាគពិសេស, ក្រសួងសុខាភិបាល, គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ, ការិយាល័យទី២ នៃកងទ័ពជើងគោក, អគ្គិសនីកម្ពុជា, ក្រុមបច្ចេកទេសរុករកជាតិផ្ទុះកែច្នៃ, អាជ្ញាធរជាតិអាវុធគីមី ជីវសាស្ដ្រ វិទ្យុសកម្ម នុយក្លេអ៊ែរ, គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម, អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងភ្នាក់ងារសន្ដិសុខឯកជន៕