នាព្រឹកថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក Zhao Shujie ប្រធានក្រុមហ៊ុន Danong Development Group អំពីគម្រោងវិនិយោគលើវិស័យកសិកម្ម នៅខេត្តតាកែវ ។
លោក Zhao Shujie ប្រធានក្រុមហ៊ុន Danong Development Group បានជម្រាបជូនអំពីគោលបំណង និងទិសដៅនៃគម្រោងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដែលក្នុងនោះក្រុមហ៊ុនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងវិនិយោគនៅក្នុងខេត្តតាកែវ ដែលជាខេត្តដ៏មានសក្តានុពលមួយ លើវិស័យកម្ម នៅក្នុងចំណោមបណ្ដាខេត្តផ្សេងៗ របស់ប្រទេសកម្ពុជា ។
លោកប្រធានក្រុមហ៊ុន Danong Development Group បានលើកឡើងពីយុទ្ធសាស្រ្តវិនិយោគដ៏ទូលំទូលាយ ដោយសង្កត់ធ្ងន់ថា ក្រុមហ៊ុនយើងនឹងធ្វើការវិនិយោគលើវិស័យបសុសត្វ និងផលិតផលកសិកម្ម ០៤ប្រភេទ រួមមាន៖ ១/ ការដាំស្មៅសម្រាប់ការចិញ្ចឹមសត្វ ២/ ការបង្កាត់ពូជនិងដាំពោត ៣/ ការដាំដុះដំឡូងមី និង៤/ ការចិញ្ចឹមជ្រូក និងគោ។ សមាសធាតុសំខាន់ៗទាំងនេះ នឹងបង្កើតជាខ្សែសង្វាក់ផ្គត់ផ្គង់ដ៏រឹងមាំ ដោយរួមបញ្ចូលនូវគ្រឿងបរិក្ខារកែច្នៃកម្រិតខ្ពស់ និងការអនុវត្តកសិកម្មបសុសត្វប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ។
មានប្រសាសន៍នាសឱកាសនោះដែរ លោក វ៉ី សំណាង អភិបាលខេត្ត បានសម្ដែងការសាទរ និងស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះ ក្រុមហ៊ុន Danong Development Group ដែលជាក្រុមហ៊ុនមានបទពិសោធន៍ និងជំនាញច្បាស់លាស់ ក្នុងវិស័យកសិឧស្សាហកម្មបែបទំនើប និងឆ្លាតវៃ ដែលមានមូលដ្ឋាននៅខេត្តសាន់តុងរបស់ចិន មានគំរោងវិនិយោគទុន លើវិស័យកសិកម្ម នៅខេត្តតាកែវ។
លោកអភិបាល បន្តថា ប្រសិនបើបានក្រុមហ៊ុន Danong Development Group មកចូលរួម ចែករំលែកបទពិសោធន៍ បច្ចេកទេស ធនធាន ដល់ប្រជាកសិករ នោះវិស័យកសិកម្ម នៅស្រុកយើងនឹងរីកចម្រើន បានលឿនយ៉ាងពិតប្រាកដ ហើយពេលនោះ ប្រទេសកម្ពុជា នឹងក្លាយជាគំរូ នៃការអភិវឌ្ឍន៍កសិឧស្សាហកម្ម ៕ អត្ថបទ៖ មន្ទីរព័ត៌មានខេត្តតាកែវ