ក្នុងពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តសៀមរាប និងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ត្រីសាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធីជនពិការ ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តល់ការណែនាំកិច្ចការមួយចំនួន ទៅដល់សមាសភាពថ្មីដែលទើបត្រូវបានប្រកាសនាពេលនេះ ដើម្បីប្រសិទ្ធភាពការងារបន្ថែមទៀត ដែលរួមមាន៖
(១) ចំពោះប្រធាន អនុប្រធាន និងថ្នាក់ដឹកនាំ នៃសាខាមូលនិធិជាតិជំនួយសង្គម ដែលទើបត្រូវបាន តែងតាំងថ្មី សូមរួមសហការគ្នាដឹកនាំសាខាមូលនិធិជាតិជំនួយសង្គមឱ្យបានល្អ ដោយឈរលើស្មារតី ឯកភាពគ្នាជាកម្លាំងតែមួយក្នុងការដោះស្រាយបញ្ហាក្នុងអង្គភាព ក៏ដូចជាការបម្រើសេវាជូនប្រជាពលរដ្ឋ។
(២) ចំពោះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជាតិជំនួយសង្គម សាខាមូលនិធិជនពិការ និងអង្គភាពក្រោមឱវាទត្រូវបន្តយកចិត្តទុកដាក់ និងពង្រឹងការអនុវត្តការងាររបស់ខ្លួនបន្ថែមទៀត។
(៣) មន្ទីរ និងអង្គភាពនានាចំណុះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវជំរុញការកំណត់អត្តសញ្ញាណកម្មជនមានពិការភាព និងការចុះឈ្មោះជនមានពិការភាព និងក្រុមគោលដៅពាក់ព័ន្ធចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារឱ្យបានឆាប់រហ័ស។
(៤) មន្ទីរ និងអង្គភាពនានាចំណុះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវជំរុញកិច្ចសហការល្អជាមួយក្រុមហ៊ុន គ្រឹះស្ថានឯកជនដែលមានកាតព្វកិច្ចជ្រើសរើសជនមានពិការភាពឱ្យចូលបម្រើការងារស្របតាមច្បាប់កំណត់ជាធរមាន ក៏ដូចជាត្រូវខិតខំផ្សព្វផ្សាយ និងជំរុញឱ្យជនមានពិការភាពនៅមូលដ្ឋានទៅទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីទទួលបានឱកាសការងារកាន់តែប្រសើរ។
(៥) ក្រោមកិច្ចសហការជាមួយអ្នកពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាជួយជនរងគ្រោះ និងងាយរងគ្រោះដោយអំពើជួញដូរមនុស្ស តាមរយៈជំរុញការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងការជឿតាមការបោកបញ្ឆោត និងការអូសទាញរបស់មេខ្យល់។
(៦) មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការសហការល្អជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ដល់ការលើកកម្ពស់សេវាគាំពារមនុស្សវ័យចាស់ តាមរយៈកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងការរៀបចំឱ្យមានដំណើរការល្អសម្រាប់សមាគមមនុស្សចាស់តាមគំរូសមាគមមនុស្សចាស់អន្តរជំនាន់ថ្មី ។
(៧) សូមឱ្យគ្រប់អ្នកពាក់ព័ន្ធទាំងអស់រួមគ្នាដោះស្រាយបញ្ហាជនអនាថា បញ្ហាស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងក្រុមជនរងគ្រោះ និងងាយរងគ្រោះផ្សេងៗទៀតឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីសង្គមកម្ពុជាទាំងមូល៕