ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន ដារី ប្រធានរដ្ឋសភានិងជាប្រធានសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូកិត្តិយសដែលបានអញ្ជើញចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ និងបានចែករំលែកបទពិសោធន៍ ទស្សនៈ ប្រកបដោយអត្ថន័យ ខ្លឹមសារ ដែលបង្ហាញឱ្យឃើញពីឆន្ទៈមោះមុតរួមគ្នា ក្នុងការលើកកម្ពស់យន្តការសភា វប្បធម៌សន្ទនាប្រកបដោយការយោគយល់ ការជឿទុកចិត្តគ្នា ដើម្បីមនុស្សជាតិលើភពផែនដី។
នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នាឱកាសលៀងសាយភោជន៍ជូនគណៈប្រតិភូទំាអស់ ដែលបានអញ្ជើញចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ នៅរាត្រីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ការប្តេជ្ញាចិត្ត និងការរួមចំណែកដ៏មានតម្លៃរបស់គណៈប្រតិភូកិត្តិយសទាំងអស់បានធ្វើឱ្យសម័យប្រជុំ ទទួលបានជោគជ័យ សម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់បន្តថា “ កិច្ចសន្ទនាក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការជំរុញសន្តិភាព វិបុលភាព និងភាពសុខដុមរមនាសកលលោក។ យើងម្នាក់ៗ តាមតួនាទីរៀងៗខ្លួន ពិតជាបានរួមចំណែកដល់សន្តិភាព។ សូមបន្តសន្ទុះរួបរួមនូវការសន្ទនានេះជាមួយនឹងសកម្មភាពដ៏មានអត្ថន័យ ដែលផ្តល់លទ្ធផលជាក់ស្តែងសម្រាប់ប្រទេសជាតិនិងភពផែនដីរបស់យើង”។
សម័យប្រជុំពេញអង្គនៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាពលើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះពីថ្ងៃទី២៣ដល់ថ្ងៃទី២៦ ខែវិច្ឆិ កាឆ្នាំ២០២៤ មានគណៈប្រតិភូសភាបណ្តាប្រទេសសមាជិក និងដៃគូកិច្ចសហប្រតិបត្តិការជាង២០០នាក់ មកពីប្រទេសចំនួន៥៣ បានចូលរួមប្រមូលផ្តុំនូវគំនិត ទស្សនៈ និងបទពិសោធន៍ ពីអ្នកតំណាងរាស្រ្តនៅជុំវិញពិភពលោកនេះ ជំរុញឱ្យសម័យប្រជុំពេញអង្គ IPTP បានសម្រេចនូវឯកសារសំខាន់ចំនួនពីរមាន៖សេចក្តីប្រកាសទីក្រុងភ្នំពេញនិងធម្មនុញ្ញសន្តិភាពសកលដើម្បីមនុស្សជាតិនិងភពផែនដី ។
IPTP ក៏បានប្រគល់ពាន់រង្វាន់សន្តិភាព៖ ដើម្បីមនុស្សជាតិនិងភពផែនដី ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាមគ្គទេសក៍សន្តិភាពនៅកម្ពុជាដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុសន្តិភាពនិងការផ្សះផ្សាជាតិ។ ជាមួយការអបអរសាទរចំពោះលទ្ធផលជាទីមោទនៈនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ការជួបជុំគ្នានាពេលនេះ បានផ្តល់ឱកាសឱ្យមានការភ្ជាប់ទំនាក់ទំនងជាមួយមិត្តចាស់ ក៏ដូចជាបង្កើតចំណងមិត្តភាពថ្មីៗ ផងដែរ ព្រោះទំនាក់ទំនងរវាងបុគ្គលនិងបុគ្គលមានសារៈសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ វេទិកា IPTP គឺជាឱកាសដ៏ល្អមួយក្នុងការកសាងមិត្តភាពយូរអង្វែង។
សម្តេចរដ្ឋសភាធិបតី បានជូនពរគណៈប្រតិភូទំាងអស់ដែលកំពុងស្នាក់នៅកម្ពុជាជួបតែសេចក្តីរីករាយ មានផាសុកភាព និងសូមឱ្យដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព ពាំនាំយកនូវអន្សាវរីយ៍និងការចងចាំល្អៗ ពីកម្ពុជា៕