ភ្នំពេញ៖ ការស្ថាបនាស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ស្ថានីយបូមទឹក ការតបណ្ដាញលូពីផ្ទះប្រជាពលរដ្ឋ និងការស្ដារស្ទឹង គឺធ្វើឡើងក្រោមគម្រោងកម្ចីឥណទានសម្បទានរបស់ធនាគារនីហរ័ណ អាហរ័ណកូរ៉េ នូវទឹកប្រាក់ប្រមាណ៦៤លានដុល្លារអាមេរិក ក្នុងគោលបំណងដើមរក្សាបាននូវសុខុមាលភាពរបស់ប្រជាពលរដ្ឋ អនាម័យល្អ បរិស្ថានស្រស់បំព្រង ការពារទឹកជំនន់ និងការទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាវិនិយោគិនជាតិ និងអន្តរជាតិ។
អាងប្រព្រឹត្តិកម្មទឹកកខ្វក់នេះមានសមត្ថភាពចម្រោះទឹកកខ្វក់បានចំណុះ៧៦០០ម៣/ថ្ងៃ ចំណែកឯស្ថានីយបូមទឹកកខ្វក់ទាំង១០ទីតាំងមានសមត្ថភាពបូមបាន២៩៩៥២ម៣/ថ្ងៃ។
ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់គម្រោងនេះ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នេះ លោកស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាប្រចាំឆ្នាំ ប្រកបដោយស្ថេរភាព និងរឹងមាំ បានធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពធូរធា ដែលជាកត្តាជំរុញឱ្យតម្រូវការប្រើប្រាស់ទឹក ក៏ដូចសម្ភារៈផ្សេងៗមានការកើនឡើង។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការហូរចូលនូវវិនិយោគចម្រុះរួមមានការសាងសង់អគារ ខុនដូរ រមណីយដ្ឋាន និងអគារពាណិជ្ជកម្ម ព្រមទាំងរោងចក្រកាត់ដេរជាច្រើន នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលធ្វើឱ្យបរិមាណទឹកកខ្វក់មានការកើនឡើងផងដែរ៕