ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្មវិធីជួបជុំជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាតាមសាខាគណបក្សប្រចាំប្រទេសកូរ៉េ ប្រទេសជប៉ុន ប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ដែលមកលេងមាតុប្រទេសក្រោមស្មារតីសាមគ្គីភាពដ៏រីករាយ

នាល្ងាចថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ រដ្ឋមន្រ្តី ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍(ESEA) បានរៀបចំកម្មវិធីជួបសំណេះសំណាល និងទទួលស្វាគមន៍បងប្អូនជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាតាមសាខាគណបក្សប្រចាំប្រទេសកូរ៉េ ប្រទេសជប៉ុន ប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ដែលមកលេងមាតុប្រទេស ក្រោមស្មារតីសាមគ្គីភាពដ៏រីករាយក្នុងនាមជាខ្មែរ។ ជាការជួបជុំដែលធ្វើឡើងបន្ទាប់ពីបងប្អូនសមាជិកសមាជិកា បានឆ្លៀតមកលេងមាតុប្រទេស និងចូលរួមខួប១០ឆ្នាំនៃការបង្កើតអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេសកាលពីថ្ងៃទី៨ ខែកុម្ភៈកន្លងទៅ។
រដ្ឋមន្រ្តី ហេង សួរ បានថ្លែងទៅកាន់បងប្អូនថា ក្នុងនាមជាជាតិខ្មែរដូចគ្នា ការប្រកាន់យកស្មារតីសាមគ្គីភាព ឯកភាព និងការលើកតម្កើងកិត្តិយស និងកិត្យានុភាពជាតិ គឺជាកិច្ចការសំខាន់ ដែលពលរដ្ឋខ្មែរគ្រប់រូបត្រូវប្រកាន់ខ្ជាប់ មិនថារស់នៅទីណាកន្លែងណាក៏ដោយ ព្រោះខ្មែរមានអត្តសញ្ញាណជាតិរបស់ខ្លួនដ៏រុងរឿង ដែលត្រូវរួមគ្នារក្សាឱ្យបានគង់វង្ស។ ដូចនេះ ពលរដ្ឋខ្មែរគ្រប់រូប ត្រូវបន្តថែរក្សាសុខសន្តិភាពស្ថេរភាព សាមគ្គីភាពផ្ទៃក្នុងដែលកម្ពុជាកំពុងមានឱ្យខាងតែបាន និងត្រូវធ្វើជាទូតសុឆន្ទៈរបស់កម្ពុជានៅលើឆាកអន្តរជាតិក្នុងការទាក់ទាញវិនិយោគិន និងទេសចរអន្តរជាតិ មកធ្វើការវិនិយោគ និងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែខ្លាំងក្លា និងរឹងមាំបន្ថែមទៀតក្នុងនាមជាគ្រួសារខ្មែរតែមួយ។
ជាមួយគ្នានេះ រដ្ឋមន្រ្តី បានរំលឹកផងដែរថា ដោយសារកត្តាសន្តិភាព និងស្ថេរភាពនយោបាយដែលកម្ពុជាមាននាពេលបច្ចុប្បន្ននេះ ទើបបងប្អូន និងប្រជាពលរដ្ឋខ្មែរគ្រប់រូបអាចចេញទៅស្នាក់នៅ និងធ្វើការនៅក្រៅប្រទេស ខណៈពេលដែលពលរដ្ឋនៅប្រទេសមួយចំនួន ត្រូវបានរដ្ឋាភិបាលហាមឃាត់មិនឱ្យចាកចេញទៅក្រៅប្រទេសនោះទេក្នុងហេតុផលនៃសង្គ្រាមផ្ទៃក្នុង។
បន្ថែមពីនេះ រដ្ឋមន្រ្តី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅ និងធ្វើការនៅកូរ៉េ ជប៉ុន ថៃ និងម៉ាឡេស៊ី និងពលរដ្ឋទាំងអស់ សូមបន្តជឿជាក់មកលើរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាលើការការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងការបន្តអភិវឌ្ឍសង្គមជាតិ និងបន្តរួមគ្នាក្នុងនាមជាជាតិខ្មែរតែមួយដោយមិនប្រកាន់ពណ៌សម្បុរ ឋានៈតួនាទី ដើម្បីលើកស្ទួយកិត្យានុភាពជាតិកម្ពុជាទៅជាអារ្យប្រទេស និងលេចត្រដែតស្មើមុខស្មើមាត់ជាមួយនឹងបណ្តាប្រទេសជិតខាង និងអន្តរជាតិ៕