នៅព្រឹក ថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានាបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ខេត្តកណ្តាល។
យោងតាមរបាយការណ៍បានបង្ហាញថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភការកសាងចំនួន៣លើកជាបន្តបន្ទាប់ដូចខាងក្រោម៖
-លើកទី១ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានកសាងអគារសិក្សាកម្ពស់៣ជាន់ ស្មើ១៨បន្ទប់ ១ខ្នង,ព្រះវិហារ ១ខ្នង, កុដិព្រះសង្ឃកម្ពស់៤ជាន់ ១ខ្នង មាន ៤៨បន្ទប់,ជាវស្រះទឹក។
-លើកទី២ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានកសាងឧបដ្ឋានសាលា (សាលាបុណ្យ)១ខ្នង, អាគារសិក្សា១ខ្នង កម្ពស់៤ជាន់ មាន៣២បន្ទប់,អគារអន្តេវាសិកដ្ឋាន១ខ្នង កម្ពស់៣ជាន់ មាន២៤បន្ទប់, ផ្លូវបេតុងក្នុងបរិវេណវត្ត និងសាលារៀនចំនួន ៤០០ ម៉ែត្រ និង ជាវដីពង្រីកទីធ្លាវត្ត។
-លើកទី៣ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានកសាងអគារសិក្សា១ ខ្នង កម្ពស់៥ ជាន់ មាន២៤បន្ទប់ និងសាលប្រជុំ១បន្ទប់, អគារផ្ទះបាយ១ខ្នង់ កម្ពស់៣ជាន់,បង្គន់អនាម័យ៣ខ្ទង់ ស្មើនឹង២០បន្ទប់ និងរបងប្រវែង២៣០ម៉ែត្រ។
បន្ថែមពីលើនោះ សម្តេចតេជោ ហ៊ុន សែន បានប្រគេនដីមួយកន្លែងជាទីតាំងទី២ របស់សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី មានទំហំ ១៤,៣៦៦ម៉ែត្រការ៉េ ស្ថិតនៅភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ បច្ចុប្បន្ននេះសម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រះសាកលវិទ្យាធិការនៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានដឹកនាំពុទ្ធបរិស័ទ សប្បុរសជនកសាងអគារសិក្សា១ខ្នង កម្ពស់៧ជាន់ មាន ១០៨បន្ទប់។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសោមនស្សរីករាយ បានវិលមកកាន់វត្តព្រះឥន្ទសាមគ្គីធម៌ជាថ្មី ជាពិសេសបានជួបជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាលនេះ។ សម្ដេចក៏បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រសម្ដេចនាពេលកន្លងទៅ។ សម្តេចតេជោបានបានថ្លែងនូវការកោតសរសើរចំពោះសម្តេច វង្ស អានេតា ចំពោះកិច្ចប្រឹងប្រែងកសាងវត្តព្រះឥន្ទសាមគ្គីធម៌ ឱ្យទទួលបានសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ ដែលកន្លងមកជាវាលស្រែប្រែមកមានអគារសាលា និងអាគារសមិទ្ធផលពីអារាមសំខាន់ៗមួយចំនួនទៀត។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរំលឹកពីដំណើរនៃជាតិកម្ពុជា ក្រោយការរំដោះចេញពីរបបអាណានិគមបារាំង ដោយសម្តេចព្រះបរមរតនកោដ្ឋ បានធ្វើឱ្យជាតិមានការរីកចម្រើន តែក្រោយការធ្វើរដ្ឋប្រហារ ១៨ មីនា ១៩៧០ ក៏ធ្វើឱ្យជាតិប្រែជាខ្ទេចខ្ទាំ រហូតធ្លាក់ដល់របបប្រល័យពូជសាសន៍ ប៉ុល ពត ដែលធ្វើឲ្យយើងបាត់បង់អ្វីៗស្ទើរតែសូន្យ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេច រួមនិងឥស្សរជនរបស់កម្ពុជាជាច្រើនរូប បានរួមគ្នាកសាងប្រទេសពីស្ថានភាពដ៏លំបាកបំផុត ក្រោយរំដោះចេញពីរបបប្រល័យពូជសាសន៍ រហូតមានការរីកចម្រើនដូចពេលបច្ចុប្បន្ន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេល១៧ខែ នៃការដឹកនាំរបស់អ្នកបន្តវេន កំពុងធ្វើបានយ៉ាងល្អ ដោយរក្សាបានសុខសន្តិភាព ស្ថេរភាពសង្គម និងបន្តជំរុញការអភិវឌ្ឍឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកាន់តំណែងជានាយករដ្ឋមន្ត្រីរយៈពេល៣៨ឆ្នាំ សម្តេចមានបទពិសោធន៍គ្រប់គ្រាន់ ក្នុងការបង្រៀនដល់អ្នកសរសេរទាំងឡាយស្តីពីការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត។
បើទោះបីសម្តេចជាឪពុក និងជាប្រធានគណបក្ស តែសម្តេចមិនលូកលាន់ការងាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នោះឡើយ។
នៅថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន បានទម្លាយថា កាលពីឆ្នាំកន្លងទៅ មានក្រុមអ្នកសារព័ត៌មានទៅសាកលវិទ្យាប្រ៊ីស្តូលរបស់អង់គ្លេស ដើម្បីស្វែងរកនិក្ខេបបទបញ្ចប់ការសិក្សារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ពេលនោះហើយ ដែលសម្តេច បានស្នើសម្តេចមហាបវរធិបតី ឱ្យបញ្ចេញនិក្ខេបបទ ហើយក៏ធ្វើឱ្យបញ្ហាបើកកកាយរឿងសិក្សារបស់សម្តេចមហាបវរធិបតី ត្រូវបានបញ្ចប់។
សម្តេចតេជោ ហ៊ុន សែន នឹងជួយសាងសង់អគារសិក្សា១ខ្នង ៤ជាន់បន្ថែមទៀត នៅវត្តព្រះឥន្ទសាមគ្គីធម៌នេះ ហើយសម្តេចតេជោនឹងជួយឧបត្ថម្ភថវិកា ១០០លានរៀលក្នុងមួយខែ រយៈពេលមួយឆ្នាំ សម្រាប់ការចំណាយនៅវត្តព្រះឥន្ទសាមគ្គីធម៌។ ពាក់ព័ន្ធនឹងសំណើសុំក្របខណ្ឌគ្រូដែលកំពុងបង្រៀននៅសាលាក្នុងវត្តព្រះឥន្ទសាមគ្គីធម៌, សម្តេចតេជោ ហ៊ុន សែន មិនសម្រេចនោះឡើយ ដោយទុកលទ្ធភាពសម្រេចលើការពិនិត្យរបស់រាជរដ្ឋាភិបាល។ សម្តេចបានថ្លែងថា រាល់ថវិកាសម្រាប់ចំណាយលើការសាងសង់សំណង់នៅវត្តព្រះឥន្ទសាមគ្គីធម៌មិនបានប្រើថវិកាជាតិនោះឡើយ។
នាឱកាសនេះផងដែរសម្ដេចតេជោក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសជូនបណ្ដាសប្បុរសជនមួយចំនួនដែលបានចូលរួមកសាងសមិទ្ធផលសំខាន់ៗនៅក្នុងទីអារាមនេះ នឹងបានកាត់ខ្សែបូប្រកាសដាក់ឲ្យប្រើប្រាស់នូវអគារសិក្សា និងសមិទ្ធផលនានាក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ចាប់ពីពេលនេះតទៅ៕