លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌បានថ្លែងថា ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ គឺជាការផ្តល់ឱកាសដល់យុវជន យុវនារីបានចូលរួមប្រកួតប្រជែង ដើម្បីជ្រើសរើសកីឡាករ កីឡាការិនីគុនខ្មែរប្រកបដោយទេពកោសល្យត្រៀមចូលរួមប្រកួតតំណាងជាតិ ក៏ដូចជាបង្កើនចំនួនកីឡាករ កីឡាការិនីឆ្នើមៗឱ្យកាន់តែច្រើនបន្ថែមទៀត។
ការថ្លែងរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មានត្រូវបានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ កាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីដំណើការប្រកួតអស់រយៈពេល៤ថ្ងៃ ពីថ្ងៃទី១៧-២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ប្រកបដោយភាពជោគជ័យ ជាមួយនឹងការសម្រិតសម្រាំងបានម្ចាស់ជ័យលាភីទាំង១៦វិញ្ញាសា ដែលសហព័ន្ធកីឡាប្រដាល់គុនខ្មែរយកការប្រកួតឆ្នាំនេះជាការផលិតធនធានថ្នាលក្រោមអាយុ១៨ឆ្នាំ។
លោក នេត្រ ភក្រ្តា បានគូសបញ្ជាក់ថា ៖«ការប្រកួតនេះ ក៏ជាការបង្ហាញពីគម្រោងផ្សេងៗនៃគុនខ្មែរ និងធ្វើឱ្យកាន់តែរស់រវើក បណ្តុះស្មារតីស្រឡាញ់នូវកេរមរតកដូនតាដែលមានតម្លៃដ៏មហាសាលនេះ ព្រមទាំងចូលរួមអភិរក្ស និងអភិវឌ្ឍឱ្យបានគង់វង្សរាប់ជំនាន់តទៅមុខទៀត។ រាជរដ្ឋាភិបាលកម្ពុជាគ្រប់កាលៈទេសៈទាំងអស់ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាពេលកន្លងទៅ និងបច្ចុប្បន្នបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកស្ទួយក្បាច់គុនខ្មែរ ដែលជាកេរមរតកដូនតាខ្មែរ»។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់យ៉ាងដូច្នេះទៀតថា ៖«សម្តេចធិបតីនាយករដ្ឋមន្ត្រីបានផ្តល់ជាគោលការណ៍ ក្នុងការរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរ ពានរង្វាន់សម្តេចបវរធិបតី ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០២៤មក ដើម្បីបើកចំហរទូលំទូលាយដល់អ្នកហាត់គុនខ្មែរគ្រប់ប្រភេទ គ្រប់ទម្រង់ក្បាច់គុន គ្រប់ទិសទី ដោយអាចចូលរួមប្រកួតគ្រប់មហាជន ទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ពោលគឺសញ្ជាតិខ្មែរ និងបរទេសអាចចូលរួមប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណបានទាំងអស់គ្នា»។
«ការរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរនះ គឺដើម្បីបន្តឱកាសឱ្យអ្នកចេះក្បាច់គុនបុរាណអាចមកសម្តែង និងប្រកួតជាមួយគ្នា បង្ហាញជូនដល់ប្រជាជន យុវជន និងមជ្ឈដ្ឋានអន្តរជាតិថា កម្ពុជាពិតជាមានក្បាច់គុនច្រើនណាស់ និងបន្តឱកាសស្រាវជ្រាវ ចងក្រងឡើងវិញផងដែរ។ ក្រោមដំបូលនៃសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យកីឡា ដើម្បីបន្តលក្ខណៈប្រសើរសម្រាប់បងប្អូនប្រជាជនទូទៅ ក្នុងការលេងកម្សាន្តផង និងដើម្បីពង្រឹងសុខភាពកីឡាករ កីឡាការិនីឱ្យកាន់តែខ្លាំងពូកែផង»។ លោក នេត្រ ភក្រ្តា បានបន្ថែម។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រប់ក្រសួងស្ថាប័ន រាជធានីខេត្ត និងកីឡាករ កីឡាការិនី គណៈកម្មការរៀបចំការប្រកួត អាជ្ញាកណ្តាល ព្រមទាំងអ្នកពាក់ព័ន្ធផ្សេទៀត ដែលបានខិតខំប្រឹងប្រែងលះបង់អស់កម្លាំងកាយចិត្តក្នុងការហ្វឹកហាត់ក្បាច់គុនខ្មែរ។ លោកក៏បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនីបន្តពង្រឹង និងពង្រីកការបណ្តុះបណ្តាល ហ្វឹកហាត់ ស្រាវជ្រាវ ផ្សព្វផ្សាយ ដើម្បីថែរក្សាមរតកដូនតាឱ្យបានគង់វង្សយូរអង្វែង។
សង្កត់ធ្ងន់បន្ថែមពីលើនេះ លោក នេត្រ ភក្ត្រា បានលើកឡើងទៀតថា ៖«ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់ និងការគាំទ្រមិនចេះរីស្ងួតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា វិស័យកីឡាប្រដាល់គុនខ្មែរកំពុងបោះជំហានយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយសិល្បៈក្បាច់គុនដ៏ល្អប្រពៃរបស់ខ្មែរ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយនេះឱ្យរីកសាយភាពទៅកាន់ឆាកអន្តរជាតិ»៕