ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពិធីសម្ភោធសៀវភៅ និងកិច្ចសន្ទនាគោលនយោបាយ ស្ដីពី “ខ្សែច្រវាក់ផ្គត់ផ្គង់សេវាសកលក្នុងអាស៊ាន និងអាស៊ីបូព៌ា៖ ផលបច្ច័យ និងកាលានុវត្តភាពសម្រាប់សមាហរណកម្មតំបន់ និងកម្ពុជា”

នាព្រឹកថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញធ្វើអធិបតីភាពក្នុងពិធីសម្ពោធសៀវភៅ និងសិក្ខាសាលាស្តីពី “ខ្សែច្រវាក់ផ្គត់ផ្គង់សេវាសកលក្នុងអាស៊ាន និងអាស៊ីបូព៌ា៖ ផលបច្ច័យ និងកាលានុវត្តភាពសម្រាប់សមាហរណកម្មតំបន់ និងកម្ពុជា” ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា ដែលមានវត្តមានចូលរួមដោយ សាស្រ្តាចារ្យ តេតស៊ូយ៉ា វាតាណាបេ ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា លោក លោកជំទាវ តំណាងក្រសួង ស្ថាប័ន និងមានសិក្ខាកាមចូលរួមជាច្រើនរូប មកពីអន្តរក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន។

ក្នុងឱកាសនោះ ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃដ៏លេចធ្លោរបស់ក្រុមអ្នកនិពន្ធ នៃ ការសិក្សាស្រាវជ្រាវ និងការសម្ពោធសៀវភៅឈ្មោះថា៖ ខ្សែច្រវាក់ផ្គត់ផ្គង់សេវាសកលក្នុងអាស៊ាន និងអាស៊ីបូព៌ា៖ ផលបច្ច័យ និងកាលានុវត្តភាពសម្រាប់សមាហរណកម្មតំបន់ និងកម្ពុជា”។ សិក្ខាសាលានេះដែលពិតជាស្របនិងទាន់ពេលវេលា ក្នុងការផ្តល់នូវការវិនិច្ឆ័យសំខាន់ទៅលើគម្លាតក្នុងក្របខណ្ឌគោលនយោបាយ និងរចនាសម្ព័ន្ធសេដ្ឋកិច្ច ខណៈចូលរួមដោះស្រាយបញ្ហាប្រឈមនៃការអភិវឌ្ឍសេវាកម្ម ព្រមទាំងផ្តល់នូវអនុសាសន៍គោលនយោបាយដែលអាចអនុវត្តបាន សម្រាប់អ្នកតាក់តែងគោលនយោបាយជាតិ ជាពិសេសម្រាប់កម្ពុជា។

បន្ថែមពីនេះ លោកជំទាវរដ្ឋមន្ត្រី ក៏បានលើកឡើងពីសារៈសំខាន់នៃសិក្ខាសាលានេះ ដែលនឹងផ្តល់នូវការវិភាគ និងអនុសាសន៍គោលនយោបាយសម្រាប់សេវាកម្មនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល ជាពិសេសទាក់ទងនឹងបញ្ហាប្រឈម និងកាលានុវត្តភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់សេវាសកលក្នុងអាស៊ាន និងអាស៊ីបូព៌ា ព្រមទាំងផ្ដល់នូវវេទិកាពិភាក្សាអំពីផលបច្ច័យនៃសេរីភាវូបនីយកម្មសេវាកម្ម ក៏ដូចជាបញ្ហាប្រឈម និងកាលានុវត្តភាពសំខាន់ៗរបស់កម្ពុជា សម្រាប់ការធ្វើសមាហរណកម្មក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅផងដែរ។

លោកជំទាវបន្តថា កិច្ចសន្ទនាគោលនយោបាយនេះ ផ្តល់ឱកាសដ៏ពិសេស និងមានតម្លៃមិនអាចកាត់ថ្លៃបាន ដើម្បីពិនិត្យឱ្យបានហ្មត់ចត់នូវបញ្ហាប្រឈមនានានៃវិស័យសេវាកម្មរបស់កម្ពុជា និងដើម្បីស្វែងរកយុទ្ធសាស្ត្រដែលអាចអនុវត្តបានសម្រាប់ដោះស្រាយ តាមរយៈការប្រមូលផ្តុំតំណាងមកពីទាំងវិស័យសាធារណៈ ឯកជន និងភាគីពាក់ព័ន្ធសំខាន់ៗពីវិស័យឧស្សាហកម្ម យើងកំពុងបង្កើតវេទិកាសម្រាប់កិច្ចសន្ទនា និងកិច្ចសហការប្រកបដោយការស្ថាបនា។

លោកជំទាវរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ ឱ្យចូលរួមយ៉ាងសកម្មក្នុងការពិភាក្សា និងដើម្បីបង្កើនការយល់ដឹង ពង្រីកចំណេះជំនាញ ដែលនឹងចែករំលែកដោយវាគ្មិនកិត្តិយស សំដៅរួមគ្នាក្នុងការរៀបចំការអភិវឌ្ឍនាពេលអនាគតនៃវិស័យសេវាកម្មរបស់កម្ពុជា ព្រមទាំងរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងបរិវត្តកម្មកាន់តែទូលំទូលាយរបស់កម្ពុជា។ដោយ៖ កន ចំណាន, ប្រភព៖ ក្រសួងពាណិជ្ជកម្ម