នៅថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តសៀមរាប បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ ជាមួយរដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាព លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. ជាតំណាងដ៏ខ្ពង់ខ្ពស់ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។
ពិធីនេះ ក៏មានការអញ្ជើញជាគណៈអធិបតីពីសំណាក់ លោក ប៉ូច សោភ័ណ សមាជិក អ.ដ.ក., លោកជំទាវ ចាន់ សុធាវី សមាជិក អ.ដ.ក., តំណាងលោកប្រធានក្រុមប្រឹក្សាខេត្ត, តំណាងសាលាដំបូងខេត្តសៀមរាប, តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប, តំណាងស្នងការដ្ឋានខេត្ត, តំណាងបញ្ជាការដ្ឋានសឹករងខេត្ត, តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងដោយមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ លោក លោកស្រី ប្រធានមន្ទីរពាក់ព័ន្ធ, នាយកទីចាត់ការ, អភិបាលក្រុង ស្រុក និងមេឃុំ-ចៅសង្កាត់ ក្នុងខេត្តសៀមរាប សរុបប្រមាណ ៣៥០ រូប។
ក្នុងឱកាសនេះ លោកអភិបាលខេត្ត បានលើកឡើងនូវសារៈសំខាន់ ដែលរដ្ឋបាលខេត្តសៀមរាប ធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ អ.ដ.ក. ចំនួន ២ ចំណុច គឺ (១)-ការចូលរួមអនុវត្តតាមគោលនយោបាយកែទម្រង់វិស័យយុត្តិធម៌របស់រាជរដ្ឋាភិបាលនីតិកាលទី៧ និង (២)-ការលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ ដើម្បីធានាបានសុខដុមរមនាក្នុងសង្គមជាតិ ពិសេសសម្រាប់ជាប្រយោជន៍របស់ប្រជាពលរដ្ឋនៃខេត្តសៀមរាប។
ថ្លែងក្នុងពិធីនេះផងដែរ លោកបណ្ឌិត ជិន ម៉ាលីន បានគូសបញ្ជាក់អំពីគោលបំណង នៃការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះគឺ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ សំដៅរួមគ្នាលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាធានាបាននូវសុខដុមរមនាក្នុងសហគមន៍ និងសង្គមជាតិ។ លោកបណ្ឌិត បានបន្តទៀតថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ រដ្ឋបាលខេត្តសៀមរាប នឹងទទួលបានការគាំទ្រលើ ៣ ចំណុចសំខាន់ពី អ.ដ.ក. គឺ (ទី១)-ក្នុងករណីមានការដាក់ពាក្យស្នើសុំពីរដ្ឋបាលខេត្ត អ.ដ.ក. នឹងរៀបចំចេញជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ចំពោះសំណុំរឿងវិវាទទាំងឡាយណាដែលត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យ ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ឬដោយអង្គភាពពាក់ព័ន្ធផ្សេងទៀតដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចនៃការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត, (ទី២)- អ.ដ.ក. នឹងផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស ទាំងផ្នែកបណ្តុះបណ្តាល ដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តសៀមរាប លើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង (ទី៣)-ធ្វើកិច្ចសហការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងការបញ្ជូនសំណុំរឿងវិវាទទៅ អ.ដ.ក. ដើម្បីធ្វើការដោះស្រាយ។
ជាចុងក្រោយ លោកបណ្ឌិត ក៏បានស្នើដល់តួអង្គដែលមានការពាក់ព័ន្ធទាំងអស់ សូមយកចិត្តទុកដាក់អំពីដំណើរការនីតិវិធីសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ ធានាឱ្យបាននូវការគោរពទាំងស្រុងនូវឆន្ទៈរបស់គូភាគី ជៀសវាងឱ្យបាននូវការបង្ខិតបង្ខំ ឬធ្វើការសម្រេចចិត្តណាមួយជំនួសឱ្យគូភាគីវិវាទ និងមិនត្រូវទទួលសម្រុះសម្រួលផ្សះផ្សាវិវាទណាមួយដែលច្បាប់មិនផ្តល់សមត្ថកិច្ច ឬផ្ទុយពីគោលការណ៍អនុញ្ញាតនៃច្បាប់ឡើយ។