ក្នុងឆ្នាំ២០២៤ អង្គភាពចំនួន ១ ០៤៧ បានដាក់ពាក្យចូលរួមប្រកួតប្រជែង ដើម្បីក្លាយជាអង្គភាពផ្តល់សេវាសាធារណៈគំរូឆ្នាំ២០២៤ ក្នុងកម្រិតមត្តេយ្យសិក្សា និងវិទ្យាល័យ សម្រាប់វិស័យអប់រំ និងមន្ទីរពេទ្យបង្អែកកម្រិត១ កម្រិត២ និងកម្រិត៣ សម្រាប់វិស័យសុខាភិបាល។
អង្គភាពនីមួយៗ ត្រូវឆ្លងកាត់ការវាយតម្លៃដំណាក់កាលថ្នាក់ក្រុង ស្រុក ខណ្ឌ ដំណាក់កាលថ្នាក់រាជធានី ខេត្ត និងដំណាក់កាលថ្នាក់ជាតិ ដើម្បីទទួលបាននូវចំណាត់ថ្នាក់ផ្លូវការចុងក្រោយ។
នៅពិធីប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៤ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥។
“មន្ទីរពេទ្យបង្អែកខេត្តសៀមរាប” ត្រូវបានប្រកាសជាប់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ថ្នាក់លេខ២ សម្រាប់មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត៣គំរូ ឆ្នាំ២០២៤។
សូមបញ្ជាក់ថា កម្មវិធីវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៤ ដែលត្រូវបានដាក់ឱ្យអនុវត្តការប្រកួតប្រជែង ក្នុងគោលដៅដើម្បីពង្រឹងអភិបាលកិច្ច និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ព្រមទាំងការកៀរគរ ពីសហគមន៍ ដៃគូអភិវឌ្ឍ អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធនានា ដើម្បីចូលរួមគាំទ្រ និងអភិវឌ្ឍន៍សាលារៀន និងមន្ទីរពេទ្យនៅតាមមូលដ្ឋាន៕