ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនាឆ្នាំ ២០២៥ ក្រោមប្រធានបទ សិទ្ធិសមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប។
ពិធីប្រារព្ធខួបលើកទី១១៤ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥នេះ គឺមានការអញ្ជើញចូលរួមផងដែរពីឯកឧត្តម ចាន់ សីហា ឯកឧត្តម ប៉ិច សានី និងឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB ព្រមទាំងប្រធាន អនុប្រធាននាយកដ្ឋាន និងបុគ្គលិកស្ត្រី ដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់ធនាគារ ARDB ស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
នៅក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍សំណេះសំណាលជាមួយបុគ្គលិកស្ត្រីរបស់ធនាគារ ARDB ដោយគូរបញ្ជាក់អំពីតួនាទីសំខាន់ៗរបស់ស្រ្តី និងឱកាសរបស់ស្រ្តី ទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេស ការទទួលស្គាល់តម្លៃស្រ្តីជាលក្ខណៈអន្តរជាតិផងដែរ។
ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា បច្បន្ននេះ តួនាទីស្រ្តីមិនត្រឹមតែត្រូវបានលើកតម្កើងប៉ុណ្ណោះទេ ពោលនៅកម្ពុជា តម្លៃស្រ្តី និងសិទ្ធិ មានឱកាសមិនចាញ់បុរសនោះដែរ ទាំងតួនាទីនៅក្នុងស្ថាប័នរដ្ឋ និងវិស័យឯកជន ដែលស្រ្តីមានគុណតម្លៃ និងសិទ្ធិអាចដឹកនាំ និងគ្រប់គ្រងការងារមិនចាញ់បុរសនោះដែរ។
ការប្រារព្ធខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប គឺក្នុងអត្ថន័យបានបញ្ជាក់ថា ស្រ្តី គឺជាឧត្តមភរិយាដ៏ឆ្នើមប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ យ៉ាងខ្ជាប់ខ្ជួន តែងតែយកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ តាមរយៈការបរិច្ចាគទ្រព្យសម្បត្តិ ដោយសទ្ធាជ្រះថ្លា និងទឹកចិត្តសប្បុរសធម៌ ដើម្បីកសាងសង្គម ជាតិឱ្យកាន់តែរីកចម្រើន និងរុងរឿងបន្ថែមទៀត៕