រដ្ឋមន្រ្តី ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យ លោក ដេរិក យីប (Derek YIP) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី លោក លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងមួយចំនួនផងដែរ។
ជំនួបនេះ នារសៀលថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ បានធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូមតិយោបល់ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនាពេលអនាគត រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងប្រទេសអូស្រ្តាលី ព្រមទាំងស្វែងយល់បន្ថែមអំពីផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣ – ២០៣៣។
គួររំលឹកផងដែរថា នៅក្នុងកិច្ចប្រជុំជាលើកទី៤ ស្តីពី «ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជាឆ្នាំ២០២៣-២០៣៣» កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅនេះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ក្នុងផែនការមេនេះ មានគម្រោងចំនួន ១៧៤ដែលត្រូវការថវិកាវិនិយោគប្រមាណជិត ៤០ពាន់លានដុល្លារក្នុងរយៈពេល ១០ឆ្នាំទៅមុខ ដែលទុនវិនិយោគនេះមិនប្រើប្រាស់ថវិការដ្ឋនោះទេ គឺជាថវិកាក្រុមហ៊ុនឯកជន និងដៃគូអភិវឌ្ឍន៍ក្នុងទម្រង់ BOT និងគម្រោងភាពជាដៃគូរវាង រដ្ឋ និងឯកជន (PPP) ជាដើម ក្នុងគោលដៅប្រកួតប្រជែងជាមួយប្រទេសជិតខាង ដើម្បីទាក់ទាញអ្នកវិនិយោគ និងបង្កើតការងារជូនប្រជាពលរដ្ឋ៕ ដោយ៖ កន ចំណាន