ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ប្រធានព្រឹទ្ធសភា ស្នើឱ្យមានការហោះហើរត្រង់ច្រើនបន្ថែមទៀតរវាងកម្ពុជា និងសិង្ហបុរី ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងសិង្ហបុរី ឲ្យកាន់តែកើតឡើងបន្ថែមទៀត ដែលរហូតមកដល់ពេលនេះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានខ្ទង់ជាង១ពាន់លានដុល្លារ ហើយសង្ឃឹមថាតាមរយៈឱកាសខួប៦០ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងជំរុញពាណិជ្ជកម្មបន្ថែមទៀតនៅពេលខាងមុខ។

នៅក្នុងឱកាសអនុញ្ញាតឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម សម្ដេចតេជោ ក៏បានលើកឡើងថាជើងហោះហើរត្រង់រវាងកម្ពុជា និងសិង្ហបុរី មានកំណើនគួរឲ្យកត់សម្គាល់ ហើយសម្ដេចចង់ឃើញការហោះហើរត្រង់ឱ្យច្រើនបន្ថែមទៀត ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរផងដែរ។ នេះបើយោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់បន្ទាប់ពីជំនួបខាងលើ។

លោកជំទាវ ឯកអគ្គរដ្ឋទូតសិង្ហបុរី បានបង្ហាញការប្ដេជ្ញានឹងខិតខំប្រឹងប្រែងជំរុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគសិង្ហបុរីមកកាន់កម្ពុជាបន្ថែមទៀត ក្នុងអាណត្តិដែល លោកជំទាវជាឯកអគ្គរដ្ឋទូតសិង្ហបុរីនៅកម្ពុជាទាំងពេលកន្លងមក និងពេលខាងមុខ។ លោកជំទាវបានគោរពកោតសរសើរចំពោះសម្ដេចតេជោ ហ៊ុន សែន តាំងពីសម្ដេចនៅជានាយករដ្ឋមន្ត្រី ដែលសម្ដេចតែងតែមានគតិបណ្ឌិត ពិសេសក្នុងការដោះស្រាយបញ្ហា ទាំងបញ្ហាតំបន់ និងបញ្ហាពិភពលោក ដោយលោកជំទាវបានមានប្រសាសន៍ថា សម្ដេចតេជោគឺជារដ្ឋបុរសរបស់ប្រជាជនកម្ពុជា និងជាមេដឹកនាំដោយមានគតិបណ្ឌិតជាច្រើនក្នុងការដោះស្រាយបញ្ហាផ្សេងៗ។

លោកជំទាវសង្ឃឹមថា ក្នុងអាណត្តិលោកជំទាវនៅពេលនេះ លោកជំទាវចង់ឃើញនូវសមិទ្ធផលថ្មីៗបន្ថែមទៀតដូចជា ការសម្ពោធនៅព្រលានយន្តហោះថ្មី និងសមិទ្ធផលសំខាន់ៗជាច្រើនទៀតរបស់កម្ពុជា។

ក្នុងឱកាសខួបលើកទី៦០ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងឆ្នាំ២០២៦ខាងមុខនេះ ភាគីទាំងពីរ នឹងមានការរៀបចំប្រកួតប្រជែងធ្វើឡូហ្គោខួប៦០ឆ្នាំដើម្បីបង្ហាញមិត្តភាពរវាងកម្ពុជា និងសិង្ហបុរី។ លោកជំទាវសង្ឃឹមថា ក្នុងខួប ៦០ឆ្នាំនេះទៀតសោត រំពឹងថាកិច្ចព្រមព្រៀងទាក់ទងទៅនឹង Carbon Credit នឹងអាចធ្វើឡើងរួចរាល់ ដើម្បីបង្ហាញឲ្យពិភពលោកបានដឹងថា ប្រទេសយើងទាំងពីរបានយកចិត្តទុកដាក់អំពីការប្រែប្រួលអាកាសធាតុ នៅក្នុងពិភពលោកទាំងមូល។ ត្រង់ចំណុចនេះសម្ដេចតេជោ ក៏បានស្វាគមន៍ និងរីករាយហើយសង្ឃឹមថា ភាគីទាំងពីរនឹងអាចបញ្ចប់នូវកិច្ចព្រមព្រៀងនេះរួច ដើម្បីអបអរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ៕ ដោយ៖ កន ចំណាន