ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជម្រុញឱ្យអាជ្ញាធរឃុំថ្មគ្រែ ពង្រឹងកិច្ចការងារនៅតាមមូលដ្ឋាន និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា

នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ រដ្ឋមន្ត្រី នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ អាជ្ញាធរដែនដី ភូមិ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ។

ឆ្លៀតនាឱកាសនោះ រដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងនូវការកោតសរសើរចំពោះក្រុមប្រឹក្សាឃុំថ្មគ្រែ មេភូមិ អនុភូមិ មន្ត្រី អាជ្ញាធរដែនដីទាំងអស់ ដែលបានរួមគ្នាខិតខំប្រឹងប្រែងបំពេញការងារ ឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ហើយរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ផ្តល់សេវាសាធារណៈ ជាពិសេសការយកចិត្តទុកដាក់លើការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជម្រុញលើកទឹកចិត្តដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់បន្តពង្រឹងកិច្ចការងារនៅតាមមូលដ្ឋាន ហើយត្រូវយកចិត្តទុកដាក់បម្រើ និងដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។
រដ្ឋមន្ត្រី ក៏បានណែនាំដល់អាជ្ញាធរក្នុងតំបន់ឱ្យបន្តពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គម តាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងបន្តខិតខំពង្រឹងការអនុវត្តច្បាប់ ឱ្យបានម៉ឺងម៉ាត់ ដើម្បីបង្ការទប់ស្កាត់បង្ក្រាបបទល្មើសគ្រប់ប្រភេទ ដែលកើតមាននៅក្នុងមូលដ្ឋាន ជាពិសេសត្រូវចុះពិនិត្យ និងដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពរចាំបាច់នានារបស់ប្រជាពលរដ្ឋ តាមរយៈការជួបប្រាស្រ័យទាក់ទងតាមសហគមន៍មូលដ្ឋាន និងការរៀបចំវេទិកាសាធារណៈនៅមូលដ្ឋានឱ្យបានញឹកញាប់ និងនៅគ្រប់មូលដ្ឋានដោយត្រូវបន្តខិតខំលុបបំបាត់នូវអំពើអសកម្ម និងចំណុចខ្វះខាតនានា ដែលប៉ះពាល់ដល់សតិអារម្មណ៍ និងជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

ជាមួយគ្នានោះ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បន្តខិតខំធ្វើអំពើល្អបម្រើប្រជាពលរដ្ឋសំដៅបង្កើនភាពជឿជាក់ និងមានទំនុកចិត្ត និងភាពកក់ក្តៅរបស់ពលរដ្ឋមកលើថ្នាក់ដឹកនាំ ក៏ដូចជាមានការជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល៕ ដោយ៖ កន ចំណាន