ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អភិបាលខេត្តកណ្ដាល អញ្ជើញពិនិត្យការសាងសង់ផ្លូវបេតុង និងដាក់លូអមសងខាងផ្លូវលេខ២១១ តភ្ជាប់ពីផ្លូវជាតិលេខ២១ ត្រង់ចំណុចក្លោងទ្វារវត្តក្របៅ ស្ថិតសង្កាត់កំពង់សំណាញ់

ខេត្តកណ្តាល ៖ ថ្លែងក្នុងឱកាសចុះពិនិត្យ ការសាងសង់ផ្លូវបេតុង និងដាក់លូអមសងខាងផ្លូវលេខ២១១ តភ្ជាប់ពីផ្លូវជាតិលេខ២១ ត្រង់ចំណុចក្លោងទ្វារវត្តក្របៅ ស្ថិតក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ផ្លូវបេតុងដែលតភ្ជាប់ពីផ្លូវជាតិលេខ២១ នេះ នឹងត្រូវសាងសង់ឱ្យរួចរាល់ក្នុងសប្តាហ៍នេះ ព្រមទាំងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននៅក្នុងបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

លោក អភិបាលខេត្ត បន្តថា ផ្លូវវត្តក្របៅនេះមានប្រវែងសរុប ៣ពាន់ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ២១ ដល់ចំណុចប្រឡាយត្រពាំងរលួស ដែលជាគម្រោងរបស់ឯកជនភាវូបនីយកម្ម សាងសង់ជាប្រភេទផ្លូវបេតុង ដែលមានបណ្ដោយ៣០០០ម៉ែត្រ ទទឹង៩ម៉ែត្រ មានកម្រាស់០.២០ម៉ែត្រ និងដាក់ប្រព័ន្ធលូមុខកាត់០.៨០ម៉ែត្រអមសខាងផ្លូវ។ ហើយគិតមកដល់ពេលនេះ ក្រុមហ៊ុនសាងសង់បានអនុវត្តការសាងសង់ផ្លូវបេតុង ចាប់ពីផ្លូវជាតិលេខ២១ រហូតដល់ប្រឡាយ៩៦ ដែលមានប្រវែង១៤០០ម៉ែត្រ ដែលគ្រោងនឹងបញ្ចប់ក្នុងសប្តាហ៍នេះ។

លោក អភិបាលខេត្ត បន្ថែមថា សម្រាប់ផ្លូវដែលនៅសល់ ជាប់ពាក់ព័ន្ធជាមួយការសិក្សាប្រព័ន្ធទឹកកខ្វក់ ដែលតម្រូវឱ្យផ្អាកការសាងសង់ជាបណ្ដោះអាសន្ន ដើម្បីជៀសវាងការសាងសង់ផ្លូវបេតុងរួចហើយកាត់ដាក់លូ ដូច្នេះយើងត្រូវផ្អាកការសាងសង់បណ្ដោះសន្ន រង់ចាំការសិក្សា និងការធ្វើប្រព័ន្ធលូរួចរាល់ ទើបយើងចាក់បេតុងពីលើឱ្យមានសុវត្ថិភាព មានសុគតភាព និងផែនការនេះដើរស្របគ្នា ដើម្បីឱ្យមានសណ្ដាប់ធ្នាប់ និងការសាងសង់ទៅតាមលំដាប់លំដោយ ជៀសវាងការធ្វើផ្លូវកាត់ដាក់លូ និងដាក់លូកាយកាត់ផ្លូវ ដែលនាំឱ្យគុណភាពផ្លូវថ្នល់របស់យើងវាមិនល្អ ខូចនូវសណ្ដាប់ធ្នាប់ និងខូចសោភ័ណភាពផងដែរ។

ក្នុងឱកាសនោះដែរ លោក អភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅសងខាងផ្លូវកំពង់សាងសង់ សូមមានការយោគយល់អធ្យាស្រ័យ ក្នុងរយៈពេលនាំការសាងសង់ផ្លូវនេះ ពិសេសនៅពេលផ្លូវសាងសង់រួចរាល់ សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាទាំងអស់គ្នា កុំដឹកលើសទម្ងន់ ដើម្បីឱ្យផ្លូវនេះប្រើប្រាស់បានយូរអង្វែង ជាងនេះទៅទៀតត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ជាយថាហេតុ។ ទន្ទឹមនឹងនោះដែរ លោកអភិបាលខេត្តក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅជាប់ផ្លូវ សូមកុំរំលោភចំណីផ្លូវ ដែលនាំឱ្យបាត់បង់នូវសោភ័ណ្ឌភាព បណ្ដាលឱ្យកកស្ទះចរាចរណ៍ សូមទុកចំណីផ្លូវសម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ៕