ភ្នំពេញ៖ សហភាពអឺរ៉ុបផ្តល់ឥណទានសម្បទាន មានទំហំទឹកប្រាក់ចំនួន ៦០ លានដុល្លារអាមេរិក តាមរយៈធនាគារវិនិយោគអឺរ៉ុប (EIB) សម្រាប់ការអនុវត្តគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង ។
លោក ហែម វណ្ណឌី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន ដែលមានទឹកប្រាក់ចំនួន ៦០ លានដុល្លារអាមេរិក ជាមួយតំណាងធនាគារវិនិយោគអឺរ៉ុប (EIB) នៅក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ក្នុងគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង ដែលគម្រោងនេះ គ្រោងសាងសងមានរយៈពេល ៤ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ ២០២២ ក្នុងគោលដៅបង្កើនសមត្ថភាពផលិតទឹកស្អាតបន្ថែមរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលមានបរិមាណផលិតប្រមាណផលិតជិត ២០ម៉ឺនម៉ែត្រក្នុង១ថ្ងៃ នៅក្នុងឆ្នាំ ២០២២ ដើម្បីបន្ថែមលើសមត្ថភាពផលិតដែលមានស្រាប់បច្ចុប្បន្នត្រឹម ៥៦ម៉ឺនម៣/ថ្ងៃ ។
ពាក់ព័ន្ធនឹងគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងនេះ គឺគ្រោងចំណាយទឹកប្រាក់សរុបចំនួន ២៤៧ លានដុល្លារអាមេរិក ក្នុងនោះឥណទានសម្បទានពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ចំនួន ៨៥ លានដុល្លារអាមេរិក។
ឥណទានសម្បទានសរុបពី EIB ចំនួន ១០០ លានដុល្លារអាមេរិក ហិរញ្ញប្បទានឥតសំណងពីសហគមន៍អឺរ៉ុប (EU/Asian Investment Facility) ចំនួន ១៥លានដុល្លារអាមេរិក និងថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចំនួន ៤៧លានដុល្លារអាមេរិក ក្នុងនោះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គឺជាភ្នាក់ងារប្រតិបត្តិគម្រោងខាងលើនេះ និងជាអ្នកខ្ចីបន្តពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តន៍គម្រោងបាក់ខេងជំហានទី៤ ។
សូមបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាលោក ហែម វណ្ណឌី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ EIB ដែលបានរួមចំណែកផ្តល់ហិរញ្ញប្បទានគាំទ្រគម្រោងនេះ ក៏ដូចជាកំពុងបន្តគាំទ្រដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងគម្រោងពង្រីកការផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់វិស័យផ្សេងៗទៀត ដែលបម្រើដល់អាទិភាពនៃការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា ៕