នាព្រឹកថ្ងៃអង្គារ៍ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ លោក វង សូត អនុប្រធានទី២រដ្ឋសភា និងលោកជំទាវ ហេង ពៅ លោក កែវ ពិសិដ្ឋ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងកូនចៅ បាននិមន្តព្រះសង្ឃបង្សុកូលនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដើម្បីឧទ្ទិសកុសលជូនអ្នកមានគុណ ជីដូនជីតា បុព្វការីជន និងញាតិការប្រាំពីរសន្តាន ដែលបានចែកឋានហើយបានអញ្ជើញទៅកាន់បរមសុខកុំបីឃ្លៀងឃ្លាតឡើយ ស្ថិតនៅភូមិជាចត្បូង ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។
ជារៀងរាល់ឆ្នាំ នៅក្នុងរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិ លោក វង សូត និងលោកជំទាវ ហេង ពៅ ព្រមទាំងបុត្រាបុត្រី ញាតិមិត្ត បងប្អូនទាំងអស់ តែងតែរៀបចំពិធីសូត្រមន្តបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធ ជីដូន ជីតា មាតា បិតា ញាតិកាទាំង៧សន្តាន ឥតមានអាកខានម្តងណាឡើយ ដើម្បីជាកិច្ចដឹងគុណចំពោះជីដូន ជីតា មាតា បិតា ដែលកាលលោកនៅមានជម្មាយុ បានខិតខំបីបាច់ថែរក្សា កូន ចៅ ប្រកបដោយព្រហ្មវិហារធម៌ និងបានផ្តល់ឱកាសដល់កូន ចៅ បានសិក្សារៀនសូត្រគ្រប់ៗគ្នា ហើយបានក្លាយជាមន្រ្តីរាជការ ចូលរួមបម្រើប្រទេសជាតិផងដែរ។
នៅក្នុងឱកាសដ៏មហោឡាឬក្សនេះ លោក វង សូត បានឧទ្ទិសសុំឲ្យមគ្គផលដែលកើតចេញពីការធ្វើបុណ្យថ្ងៃនេះ សូមឲ្យប្រជាពលរដ្ឋនិងជាតិខ្មែរទាំងមូលបានជួបតែសេចក្តីសុខក្សេមក្សាន្តជានិច្ចនិរន្ត ។
លោក វង សូត និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី បានប្រគេនបច្ច័យដល់ព្រះចៅអធិការវត្ត ជាច ចំនួន៥០ម៉ឺនរៀល ទុកសម្រាប់កសាងសមិទ្ធិផលនានាក្នុងវត្ត រួមនិងទយ្យវត្ថុ រួមមាន អង្ករ ទឹកក្រូច ទឹកបរិសុទ្ធ ទឹកដោះគោខាប់ ស្ករសរ តែ ត្រីខ និងប៊ីចេង និងបានប្រគេនបច្ច័យ សម្រាប់ព្រះសង្ឃ៥អង្គ ក្នុង១អង្គៗ សាដក១ និងបច្ច័យ១០ម៉ឺនរៀល នឹងបានរៀបចំអាហារ សម្រាប់លោកតា លោកយាយ និងប្រជាពលរដ្ឋក្នុងភូមិបានពិសារផងដែរ៕