ភ្នំពេញ:ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងជាសមាជិកគណ:កម្មការជំរុញការវិនិយោគ ក្នុងខេត្តទាំងបួននៅភូមិភាគឦសាននៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមពិធីប្រកាសសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន” ដែលរៀបចំឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ។
នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាននេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញថ្លែងសន្ទរកថាស្វាគមន៍ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨”។
ការដាក់ចេញកម្មវិធីនេះក្នុងគោលដៅជំរុញការពង្រីកមូលដ្ឋានសេដ្ឋកិច្ចក្នុងបណ្តាខេត្តភាគឦសាន តាមរយៈការជំរុញ វិនិយោគឯកជន ក៏ដូចជាជំរុញការតភ្ជាប់នៃចរន្តសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ និងប្រកបដោយបរិយាប័ន្ន ។
ក្នុងសេចក្តីថ្លែងការណ៍ពិសេសស្ដីពី «សមិទ្ធផល ១ ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទំ ៧ នៃរដ្ឋសភា» កាលពីថ្ងៃទី២៤ខែសីហា ឆ្នាំ ២០២៤, សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានផ្តល់ការណែនាំនិងការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ដល់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (គ.ស.ហ.) ឲ្យពិនិត្យ និង រៀបចំ «កម្មវិធីពិសេស» នេះ ដើម្បីសិក្សា និង រៀបចំគោលនយោបាយលើកទឹកចិត្តពិសេស ក្នុងគោលដៅជំរុញវិនិយោគឯកជន ឆ្ពោះទៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា ។
កម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល» នេះ កើតចេញពី មហិច្ឆតា ចង់ជំរុញបង្កើននូវសកម្មភាពសេដ្ឋកិច្ច ដល់បណ្ដាខេត្តដែលស្ថិតនៅឆ្ងាយពី មជ្ឈមណ្ឌលកំណើន ក៏ដូចជា ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ច តាមតំបន់ និង តាមវិស័យ ។
នៅក្នុងការរៀបចំ «កម្មវិធីពិសេស» នេះ រាជរដ្ឋាភិបាល មានគោលបំណងបង្កើនការងារ និង សកម្មភាពធុរកិច្ច ស្របតាម គំរូនៃការអភិវឌ្ឍសេដ្ឋកិច្ចនៅនឹងកន្លែងនិងកំណើនសេដ្ឋកិច្ច ដឹកនាំដោយវិស័យឯកជន (Private Sector-led Growth Model) ។