ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ បំពេញទស្សនកិច្ចផ្លូវការនៅកាហ្សាក់ស្ថាន និងតួកគីយ៉េ

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចាប់ផ្តើមទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកាហ្សាក់ស្ថាន និងសាធារណរដ្ឋតួកគីយ៉េ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្រោមគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ គោលបំណងសំខាន់នៃការបំពេញទស្សនកិច្ចនេះគឺដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ២០២៥ របស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA Annual Summit 2025) និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Almaty នៃសាធារណរដ្ឋកាហ្សាក់ស្ថាន និងទីក្រុង Istanbul នៃសាធារណរដ្ឋតួកគីយ៉េ។

ក្នុងឱកាសនៃកិច្ចប្រជុំកំពូល PATA នៅប្រទេសតួកគីយ៉េ រដ្ឋមន្រ្តី នឹងចូលរួមមហាសន្និបាតប្រចាំឆ្នាំ សន្និសីទស្តីពីគោលនយោបាយរាជរដ្ឋាភិបាលជាសមាជិក និងកិច្ចប្រជុំសំខាន់ៗផ្សេងទៀត។ លើសពីនេះ ឯកឧត្តម ហួត ហាក់ ក៏គ្រោងនឹងមានជំនួបទ្វេភាគីជាមួយរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំទេសចរណ៍នៃប្រទេសទាំងពីរ ក៏ដូចជាប្រធានស្ថាប័នដៃគូរសមាគម PATA ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទាក់ទាញទេសចរអន្តរជាតិមកកាន់កម្ពុជាឱ្យបានកាន់តែច្រើន។

ក្រៅពីកិច្ចប្រជុំ រដ្ឋមន្រ្តី ក៏នឹងអញ្ជើញចូលរួមកម្មវិធីសម្ពោធភាពយន្តទេសចរណ៍ដែលបានថតនៅកម្ពុជា នាទីក្រុង Altay នៃប្រទេសកាហ្សាក់ស្ថាន។ ក្នុងឱកាសនោះ លោកនឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនផលិតកម្ម Daubay Production និងក្រុមផលិតករផ្សេងៗ ដើម្បីជំរុញការផលិតភាពយន្តទេសចរណ៍បន្ថែមទៀតនៅតាមតំបន់ទេសចរណ៍សក្តានុពលនានារបស់កម្ពុជា។