(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ បានសម្ពោធរោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិត នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ក្រោមអធិបតីភាព រដ្ឋមន្ត្រី ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ZHAO HAIYAN (ចាវ ហាយយាន) អគ្គទីប្រឹក្សាទូតទទួលបន្ទុកកិច្ចការកុងស៊ុលប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំក្រុមហ៊ុន Jiangsu Huibo Robotics Technology រួមទាំងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។
ថ្លែងទៅកាន់អង្គពិធី រដ្ឋមន្ត្រី ហេង សួរ បានគូសបញ្ជាក់ថា សមិទ្ធផលរោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិតនេះ នឹងធ្វើឱ្យយុវជនកម្ពុជា និយាយជារួម និងសិស្ស-និស្សិតដែលសិក្សានៅវិទ្យាស្ថាន NPIC និយាយដោយឡែក កាន់តែមានសមត្ថភាពជំនាញកាន់តែខ្ពស់បន្ថែមទៀត ដែលស្របទៅតាមតម្រូវការទីផ្សារការងារដែលកំពុងសម្បូរបែបក្នុងបរិបទបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន។ ការខិតខំបំពាក់បំប៉នដល់សិស្ស-និស្សិតកម្ពុជានូវជំនាញឌីជីថល និងបញ្ញាសិប្បនិម្មិតនេះដែរ ក៏ជាគន្លឹះសំខាន់មួយក្នុងការបង្កើនការទាក់ទាញវិនិយោគិនពីបរទេសឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។
រដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ “ប្រសិនជាគ្មានការរីកចម្រើនផ្នែកធនធានមនុស្សជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ និងផលិតភាពនោះទេ កម្ពុជាក៏មិនអាចពង្រីកឧត្តមភាពនៃការប្រកួតប្រជែងជាមួយបណ្ដាប្រទេសនានាក្នុងការទាក់ទាញគម្រោងវិនិយោគថ្មីៗនោះឡើយ”។
បើតាមរដ្ឋមន្ត្រី ការអភិវឌ្ឍធនធានមនុស្ស គឺជានយោបាយសំខាន់មួយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមអាណត្តិដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងគោលបំណងធានាឱ្យបានធនធានមនុស្សកាន់តែល្អ ប្រកបដោយគុណភាព និងមានលទ្ធភាពប្រកួតប្រជែងនៅក្នុងទីផ្សារ។
រដ្ឋមន្ត្រីក៏មិនភ្លេចថ្លែងអំណរគុណដល់ក្រុមហ៊ុន Jiangsu Huibo Robotics Technology ដែលបានផ្តល់ជាអំណោយជារោងជាងមកដល់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលធ្វើឱ្យវិទ្យាស្ថានដ៏ទំនើបរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមួយនេះកាន់តែទំនើប និងមានសមត្ថភាពកាន់តែខ្ពស់ក្នុងការបណ្តុះបណ្តាលជំនាញដល់ប្រជាពលរដ្ឋខ្មែរបន្ថែមទៀត។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក៏បានរំលេចផងដែរថា វត្តមាននៃជំនួយរបស់ក្រុមហ៊ុនទំនើបរបស់ចិននេះ នឹងក្លាយជាធ្នាក់នាំយកក្រុមហ៊ុនវិនិយោគចិនធំៗឱ្យមកកម្ពុជាកាន់តែច្រើនបន្ថែមទៀត៕