ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ស្ថានភាពមិនប្រាកដប្រជា និងការវិវត្តផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃពិភពលោក ជះឥទ្ធិពល ដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ក្នុងការបំពេញការងារ ប្រកបដោយប្រសិទ្ធភាព

លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា “ខណៈដែលកម្ពុជា ជាប្រធានប្តូរវេនលើកទី២នេះ ពិភពលោកកំពុងមានការវិវត្តយ៉ាងឆាប់រហ័សផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាមួយនឹងស្ថានភាពមិនប្រាកដប្រជា ដែលកំពុងទទួលរងភាពតានតឹងនៃកត្តាភូមិសាស្ត្រនយោបាយ ការប្រកួតប្រជែងរវាង មហាអំណាច ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល និងការកើនឡើងនៃបញ្ហា សន្តិសុខប្រពៃណី និងបញ្ហាសន្តិសុខមិនប្រពៃណី។

កត្តាទាំងអស់នេះ បានជះឥទ្ធិពល ដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់យើង ក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព និងក្នុងការលើកកម្ពស់វិស័យសាធារណៈក្នុងតំបន់។”

ការគូសបញ្ជាក់របស់ ឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីបើកកិច្ចប្រជុំត្រៀម កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។

រដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា “ទោះជាយ៉ាងណា ភាពរឹងមាំរបស់យើង និងការប្រមូលផ្តុំកម្លាំងរួម ជាក់ស្តែងដូចជានៅក្នុងកិច្ចប្រជុំនេះ នឹងផ្តល់ឱកាស ឱ្យយើងអាចធ្វើការរួមគ្នាក្នុងស្មារតីនៃជវភាពនៃតួអង្គតែមួយ និងអភិក្រមសហគមន៍ ទាំងមូល ដើម្បីព្យាយាមស្វែងរកការសម្របខ្លួន ចាប់យកកាលានុវត្តភាព និងដោះស្រាយ បញ្ហាប្រឈមរួមគ្នាប្រកបដោយនវានុវត្តន៍ ស្របតាមស្ថានភាពវិវឌ្ឍនៃនិន្នាការថ្មីៗ។” ដោយ៖ កន ចំណាន