ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អាកាសចរស៉ីវិលកម្ពុជាចេញសេចក្តីជូនដំណឹង៖ ព្រលានយន្តហោះអន្តរជាតិតេជោ បើកឱ្យប្រតិបត្តិការនៅថ្ងៃទី៩ ខែកញ្ញា ខណៈពិធីសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥

(ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិលកម្ពុជា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹងផ្លូវការដោយបានប្រកាសថា ការបើកឱ្យប្រតិបត្តិការព្រលានយន្តហោះអន្តរជាតិតេជោ ធ្វើឡើងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ចំណែកឯពិធីសម្ពោធជាផ្លូវការ ព្រលានយន្តហោះអន្តរជាតិតេជោ ធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា តាមការសម្រេចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ រាជរដ្ឋាភិបាល បានឯកភាពជាគោលការណ៍ដូចខាងក្រោម៖

* កំណត់យកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ជាកាលបរិច្ឆេទបើកឱ្យប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ។
* កំណត់យកថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ សម្រាប់រៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

អាកាសយានដ្ឋានអន្ដរជាតិតេជោមានលក្ខណៈទំនើប និងលម្ហធំទូលាយ ដែលសាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា អាចអនុញ្ញាតឱ្យយន្តហោះខ្នាតធំចុះចតបាន ក្នុងនោះមានយន្តហោះប្រភេទ Airbus A380 និង Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ សម្រាប់ដំណាក់កាលទី១។

អាកាសយានដ្ឋានអន្តរជាតិតេជោ វិនិយោគក្រោមទឹកប្រាក់ ១៥០០លានដុល្លារ ជាគម្រោងចម្រុះរដ្ឋ និងឯកជន ដែលរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានភាគហ៊ុនវិនិយោគ១០% នៅក្នុងភាគហ៊ុន ១០០%៕