ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឃុំខ្លួនជនជាតិចិន ៤នាក់ ករណីរលំបាក់អគារសង្កត់មនុស្សស្លាប់នៅខេត្តព្រះសីហនុ

យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទឈ្មោះ Cheng Kun ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិចិន មុខរបរ ពាណិជ្ជករ ទីលំនៅបច្ចុប្បន្ននៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពីបទ មនុស្សឃាតដោយអចេតនា, បង្កឲ្យមានរបួសដោយអចេតនា និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារបង្ករបួសស្នាមដល់អ្នកដទៃ យោងតាមមាត្រា ២០៧, មាត្រា ២៣៦ និងមាត្រា ៤១៤ នៃក្រមព្រហ្មទណ្ឌ។

ចំណែកជនត្រូវចោទឈ្មោះ Deng Xin Gul ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិចិន មុខរបរ អ្នកម៉ៅការសំណង់ ទីលំនៅបច្ចុប្បន្ននៅផ្ទះជួល សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, ឈ្មោះ Gao Yu ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរជាងសំណង់ ទីលំនៅមិនពិតប្រាកដ និងឈ្មោះ Xie Ya Ping ភេទស្រី អាយុ ៤៣ឆ្នាំ ជាជនជាតិចិន មុខរបរ មើលការងារក្នុងការដ្ឋាន ទីលំនៅបច្ចុប្បន្ននៅផ្ទះជួល ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវចោទប្រកាន់ និងឃុំខ្លួនពីបទ សមគំនិតក្នុងអំពើមនុស្សឃាតដោយអចេតនា, សមគំនិតក្នុងអំពើបង្កឲ្យមានរបួសដោយអចេតនា និងសមគំនិតក្នុងអំពើធ្វើឲ្យខូចដោយចេតនា មានស្ថានទម្ងន់ទោសដោយសារបង្ករបួសស្នាមដល់អ្នកដទៃ យោងតាមមាត្រា ២៩, មាត្រា ២០៧ ,មាត្រា ២៣៦ និងមាត្រា ៤១៤ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា ឧបទ្ទវហេតុរលំបាក់អគារកម្ពស់ ៧ជាន់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានម្ចាស់ដីឈ្មោះ ញឹក ហ៊ុយ ភេទប្រុស ជនជាតិខ្មែរ អាយុ ៦៥ឆ្នាំ ជួលឲ្យក្រុមហ៊ុនចិន ដែលមានថៅកែឈ្មោះ Cheng Kun។

យោងតាម សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ ចេញផ្សាយកាលពីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ដោយបញ្ជាក់ថា ឧបទ្ទវហេតុរលំបាក់អគារ ៧ជាន់ បានបណ្តាលឲ្យមានជនរងគ្រោះ ចំនួន ៥៤នាក់ នៅក្នុងនោះមានជនរងគ្រោះ ស្លាប់ ចំនួន ២៨នាក់ (ស្រី ០៤នាក់) និងរងរបួស ចំនួន ២៦នាក់ (ស្រី ០២នាក់)៕