ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រតិភូចិនខេត្តជឺជាំង ចង់មកវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា នឹងបើកការហោះហើរត្រង់មកកម្ពុជាក្នុងឆ្នាំ២០១៩

 

ភ្នំពេញ៖  គណៈប្រតិភូចិនមកពីខេត្តជឺជាំង បានបង្ហាញពីគោលបំណងចង់មកវិនិយោគ បង្កើតតំបន់ទេសចរណ៍នៅកម្ពុជា ពិសេសសម្រាប់ទេសចរវ័យចំណាស់ ខណៈការតភ្ជាប់ជើងហោះហើរត្រង់ពីខេត្តជឺជាំង នឹងបើកដំណើរការជាផ្លូវការនៅក្នុងឆ្នាំ២០១៩នេះ។

ការលើកឡើងបែបនេះក្នុងជំនួបពិភាក្សាការងាររវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយគណៈប្រតិភូចិនមកពីខេត្តជឺជាំង ដឹកនាំដោយលោកចាង សឺស្ស៊ី (Zhang Zexi) អនុប្រធានសភាប្រឹក្សាយោបល់ខេត្តជឺជាំង នៅទីស្ដីការក្រសួងទេសចរណ៍កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។

គណៈប្រតិភូចិនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះឱកាសវិនិយោគបង្កើតតំបន់ទេសចរណ៍ សម្រាប់ទេសចរវ័យចំណាស់នៅកម្ពុជា ដោយលោក ចាង សឺស្ស៊ី បានបញ្ជាក់ថា នៅខេត្តជឺជាំងសម្បូរទៅដោយប្រជាជនច្រើន ហើយនៅឆ្នាំ២០១៨ ទេសចរចិននៅខេត្តជឺជាំងចេញដើរកម្សាន្តនៅក្រៅប្រទេសមានចំនួន ២លាន៨សែននាក់ ក្នុងនោះមកកម្ពុជាប្រមាណ ៨ម៉ឺននាក់។

លោកចាង ចង់បានបញ្ជាក់ថា ភ្ញៀវទេសចរចិនមកពីខេត្តរបស់លោក នឹងមកទស្សនានៅកម្ពុជាកាន់តែច្រើនថែមទៀត ហើយនៅពេលរដូវត្រជាក់ម្ដងៗ ពួកគេចូលចិត្តស្នាក់នៅតំបន់លម្ហែ នៅតំបន់ភាគខាងត្បូងប្រទេសចិន ដែលមានអាកាសធាតុក្ដៅស្រួលជាងខេត្តជឺជាំង។

លោកថោង ខុន បានស្នើឱ្យភាគីចិន ជួយជំរុញការបណ្ដុះបណ្ដាលភាសាចិនដល់បុគ្គលិកជំនាញទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជាដែលនិយាយភាសាចិន តាមរយៈការបង្កើតសាលាវិជ្ជាជីវៈជំនាញទេសចរណ៍នៅកម្ពុជា សំដៅសម្រេចឱ្យបានចំនួនបុគ្គលិកជំនាញ និងមគ្គុទ្ទេសទេសចរណ៍ ឆ្លើយតបនឹងចំនួនទេសចរណ៍ ពិសេសទេសចរចិនដែលនៅតែកើនឡើងជាលំដាប់។

លោករដ្ឋមន្ត្រីបានស្នើឱ្យភាគីចិនជួយជំរុញការតភ្ជាប់ជើងហោះហើរត្រង់ ពីខេត្តជឺជាំងមកកម្ពុជាឱ្យបានឆាប់រហ័សរ ដើម្បីជំរុញកំណើនទេសចរពីខេត្តមួយនេះ ឱ្យបានកាន់តែច្រើនឡើង​៕