លោក គាត ហេង អគ្គនាយកក្រុមហ៊ុន Cam Account & Tax Service Co Ltd បាន មានប្រសាសន៍ថា ចាប់ពីពេលនេះទៅម្ចាស់សហគ្រាស និងក្រុមហ៊ុននៅកម្ពុជាត្រូវអនុវត្តតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឲ្យបានពេញលេញ ដើម្បី ទទួលបានការលើកលែងពន្ធអនុគ្រោះ១% ហើយសហគ្រាសទាំងនោះត្រូវអនុវត្តឲ្យបាន និងមានបញ្ជីស្នាមគណនេយ្យរបស់ក្រុមហ៊ុន ដែលគ្រប់អ្នកវិនិយោគត្រូវអនុវត្តទៅតាមសេចក្តីណែនាំពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកាលពីខែមេសាឆ្នាំ២០១៧។
លោកបានមានប្រសាសន៍ទៀតថា ការធ្វើដូច្នោះបានទើបអាចទទួលបានការលើក ទឹក ចិត្តពីរាជរដ្ឋាភិបាលលើពន្ធអនុគ្រោះ១% ប្រចាំឆ្នាំ ប៉ុន្តែចំណែកក្រុមហ៊ុន និងអ្នកវិនិយោគពីក្រៅប្រទេសវិញគឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយ អាចទទួលបានការ អនុគ្រោះពីរាជរដ្ឋាភិបាល ដោយមិនមានការព្រួយបារម្ភនោះទេ។
លោកបានថ្លែងទៀតថា ការអនុវត្តបញ្ជីស្នាមគណនេយ្យនិងការប្រកាសពន្ធត្រូវអនុវត្តតាមច្បាប់ហើយជាកាតព្វកិច្ចរបស់ម្ចាស់អាជីវកម្មនីមួយៗ និងសហគ្រាសត្រូវធ្វើឲ្យទាន់ ពេលវេលាក៏ដូចជាលក្ខ័ណ្ឌរបស់អគ្គនាយកដ្ឋានពន្ធ ដែលបានកំណត់ ដើម្បីទទួលបានការលើកទឹកចិត្តផងដែរពីរាជរដ្ឋាភិបាលកម្ពុជា។
លើសពីនេះលោកអះអាងថា«លក្ខ័ណ្ឌមួយចំនួនដែលអ្នកវិនិយោគិនបរទេសនឹងទទួលបានការលើកលែងពន្ធអប្បបរិមា ១%ពីរាជរដ្ឋាភិបាលគឺក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអាចអនុញ្ញាតិឲ្យអ្នកវិនិយោគទុនត្រូវស្នើសុំបានមកក្រសួងសេដ្ឋកិច្ច ដោយអនុលោម តាមសេចក្តីប្រកាសកាលពីឆ្នាំ២០១៧កន្លងទៅហើយត្រូវធានាថារបាយការណ៍គណ នីយនិងហិរញ្ញវត្ថុនោះមានតម្លាភាព និងស្តង់ដារ គណនេយ្យភាពត្រឹមត្រូវ»។
កាលពីថ្ងៃ ទី២៩ ឧសភា ២០១៩កន្លងទៅនេះ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចដកចេញនូវ “ពន្ធកាត់ទុក” (១% ដែលបានតម្រូវឲ្យពាណិជ្ជករបង់ មុន ទោះបីចំណេញឬខាតក៏ដោយ។ចំណែកសម្រាប់“ពន្ឋកាត់ទុក” នេះនឹងត្រូវលុប ចោល ព្រោះវាជាប្រភេទបំណុលដែលហាក់ដូចជារដ្ឋទៅខ្ចីពីក្រុមហ៊ុនឯកជនមកទុក។
ហេតុដូច្នេះ ការបញ្ចប់ពន្ធកាត់ទុកនេះគឺនឹងបញ្ចប់នូវបំណុល រដ្ឋជាមួយនឹង ក្រុមហ៊ុន ឯក ជនចំនួន (១%) ដែលនឹងកាន់តែជួយជំរុញដល់ ការប្រកួត ប្រជែងក្នុងការ ឈាន ឡើងនៃសេដ្ឋកិច្ចរបស់កម្ពុជា ហើយក៏នឹងជួយដល់ផ្នែកឯកជន ក្នុងការរក្សា បាននូវទុន បន្ថែម ដើម្បីយកទៅពង្រីកនូវអាជីវកម្មរបស់ខ្លួនផងដែរ ។
លើសពីនេះ ចំពោះពេលវេលានៃការអនុវត្ត សម្ដេចតេជោនាយករដ្ឋមន្រ្តី បានស្នើឲ្យ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសិក្សាផ្ដល់យោបល់ ប៉ុន្តែ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ការអនុវត្តគួរចាប់ផ្តើមនៅចុងឆ្នាំ ២០១៩ឬក៏ឲ្យបាន លឿនជាងនេះតាមដែលអាចធ្វើទៅបាន។
ទន្ទឹមនឹងការដកចេញនូវ “ពន្ឋកាត់ទុក” សង្ឃឹមថា ក្រុមហ៊ុនឯកជននានា នឹងរកស៊ី បង់ ពន្ឋឲ្យបានត្រឹមត្រូវជូនរដ្ឋាភិបាល ដើម្បីយើងរីកចម្រើនទាំងអស់គ្នា៕