គិតត្រឹមព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគសរុបប្រមាណ ៣.៥១៧.១៩៨ ដុល្លារអាម៉េរិក ពីសប្បុរសជនចំនួន ២៤១.៨៣២ នាក់។ នេះបើតាមការបញ្ជាក់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈបណ្ដាញសង្គមផ្លូវការរបស់លោកជំទាវ។
យុទ្ធនាការនេះដែលបានប្រកាសបើកកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងបន្តរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពុកម៉ែបងប្អូន និងសប្បុរសជនទាំងអស់ដែលបានបរិច្ចាគ ដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារនៅកម្ពុជា។
យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដែលមានរយៈពេលពេញមួយខែមិថុនា ត្រូវបានបង្កើតឡើងដោយមូលនិធិគន្ធបុប្ផាកម្ពុជាក្នុងគោលបំណងជំរុញចលនាកៀរគរថវិកាសប្បុរសធម៌ឲ្យកាន់តែផុសផុល និងសកម្មបន្ថែមទៀត ក្នុងចំណោមសិស្ស និស្សិត យុវជន មន្ត្រីរាជការ ថ្នាក់ដឹកនាំ ពាណិជ្ជករ សាធារណជន ភរិយាថ្នាក់ដឹកនាំ ម្ចាស់ក្រុមហ៊ុន-សហគ្រាស គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត និងសមាជិកសមាគមឧកញ៉ាកម្ពុជា ក្នុងមហាចលនាមនុស្សធម៌របស់ជាតិ និងក្នុងស្មារតី “ខ្មែរជួយខ្មែរ”។