អ្នកលក់វត្ថុអនុស្សាវរីយ៍និអ្នកជំនាញទេសចរបាននិយាយថា ការកែច្នៃវត្ថុ អនុស្សាវរីយ៍ នៅកម្ពុជាសម្រាប់លក់ដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិនៅមានចំនួនតិចនៅឡើយ ខណៈ ដែលការវិនិយោគពីវិស័យឯកជននៅមានកម្រិតនៅឡើយនោះ។
លោក ហូ វណ្ឌី អគ្គលេខាធិការសម្ព័ន្ធទេសចរជាតិកម្ពុជាបានចាត់ទុកថា សំរាប់វត្ថុ អនុស្សាវរីយ៍ នៅកម្ពុជា ដែលដាក់លក់សម្រាប់ភ្ញៀវទេសចរ បច្ចុប្បន្ននេះមានបរិមាណច្រើនលើទីផ្សារ ប៉ុន្តែវត្ថុអនុស្សាវរីយ៍ភាគច្រើន ដែលកែច្នៃក្នុងស្រុកនៅមានចំនួនតិចតួចនៅឡើយ ហើយបញ្ហានេះទាមទារឲ្យមានការវិនិយោគបន្ថែមទៀតពី វិស័យឯកជន។
លោកបានលើកឡើងថា កន្លងមកអ្នកវិនិយោគក្នុស្រុកបានកែច្នៃខ្លះដែរ ប៉ុន្តែការងារ នេះមិនទាន់បំពេញតាមសេចក្តីត្រូវការរបស់ភ្ញៀវនៅឡើយទេ ហើយវត្ថុអនុស្សាវរីយ៍ ដែលបានដាក់លក់នោះមានការនាំចូលពីប្រទេសជិតខាងច្រើនជាងការកែច្នៃ ដោយ កូនខ្មែរ ។
អ្នកជំនាញខាងលើបន្ថែមថា ការផលិតកែច្នៃវត្ថុអនុស្សាវរីយ៍ដោយដៃត្រូវការពេល វេលាច្រើនជាមួយ និងគុណភាពជាចម្បង ហើយអ្នកផលិតនឹងទទួលបានចំណូល ដល់សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់នៅពេលភ្ញៀវទិញឬជាវច្រើននោះ។
សម្រាប់ អាជីវករលក់វត្ថុអនុស្សាវរីយ៍នៅរាជធានីភ្នំពេញមួយកន្លែងបានទទួល ស្គាល់ ថា ការកែច្នៃវត្ថុអនុស្សាវរីយ៍ដោយកូនខ្មែរមានការចាប់អារម្មណ៍ច្រើន ហើយបញ្ហាប្រ ឈម គឺ ការផ្សព្វផ្សាយនៅមានកម្រិតនៅឡើយដល់ភ្ញៀវទេសចរ។
អាជីវករខាងលើបញ្ជាក់ទៀតថា ផលិតផល ដែលកែច្នៃសម្រាប់ភ្ញៀវទេសចរមានគ្រប់គ្រាន់ក្នុងការលក់ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។
អ្នកជំនាញបានលើកឡើងថា វត្ថុអនុស្សាវរីយ៍ដែលផលិតក្នុងស្រុកពិតជា លំបាកនាំ ចេញ ព្រោះមាននីតិវិធីស្មុគស្មាញច្រើន ទោះបីជាកន្លងមកស្ថាប័នជំនាញរបស់រាជ រដ្ឋាភិបាលបានជួបប្រជុំអន្តរក្រសួងរួចហើយក៏ដោយ ប៉ុន្តែបញ្ហានេះត្រូវការ ពេលវេលាទើបអាចនាំចេញបាន។
បច្ចុប្បន្ននេះវត្ថុអនុស្សាវរីយ៍ សម្រាប់លក់ជូនភ្ញៀវទេសចរប្រឈមកង្វះទីផ្សារ និងខ្វះធនធានមនុស្សជំនាញលើការងារនេះផងដែរ ហើយលើសពីនេះ ការផលិតក្នុងស្រុកក៏ជួបបញ្ហាប្រឈមនិងការនាំចូលពីក្រៅប្រទេស៕