សេចក្តីប្រកាសព័ត៌មានដែលផ្សព្វផ្សាយនៅក្នុងពិធីចុះហត្ថលេខាផ្លូវជាតិលេខ២ និង២២ នៅរសៀលថ្ងៃទី២៥ ខែមិថុនានេះ គម្រោងនេះឆ្លងកាត់រាជធានី-ខេត្ត ចំនួន៣រួមមាន ៖ ខេត្តកណ្តាល រាជធានីភ្នំពេញ និងខេត្តតាកែវ មានប្រវែងផ្លូវសរុប ៧២,១៧ គីឡូម៉ែត្រ។ ក្នុងនោះ គម្រោងផ្លូវជាតិលេខ២ ចាប់ផ្តើមពីរង្វង់មូលតាខ្មៅ (ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល) ដល់រង្វង់មូលអូរចំបក់ (ស្ថិតក្នុងក្រុងដូនកែវខេត្តតាកែវ) និងផ្លូវជាតិលេខ២២ ពីរង្វង់មូលអូរចំបក់ ដល់ផ្លូវជាតិលេខ៣ ត្រង់ផ្សារអង្គតាសោម។
គម្រោងបានបែងចែកជា ៣កំណាត់ផ្លូវធំៗ មានដូចជា៖ កំណាត់ទី១, ចាប់ផ្តើមចេញពីរង្វង់មូលតាខ្មៅ ដល់រង្វង់មូលស្ត្រីបីកួរស្រូវ ដែលមានប្រវែង ៨,៧៤ គ.ម។កំណាត់ទី២, ចាប់ផ្តើមចេញពី រង្វង់មូលស្រ្តីបីកួរស្រូវ ដល់រង្វង់មូលអូរចំបក់ ដែលមានប្រវែង ៥៣,៨១៩ គ.ម ស្ថិតក្នុងតំបន់ជនបទ។ និងកំណាត់ទី៣ ,ចាប់ផ្តើមពីរង្វង់មូលអូរចំបក់ ដល់ផ្សារអង្គតាសោម (ផ្លូវជាតិលេខ២២) ដែលមានប្រវែង ៩,៦១១ គ.ម ស្ថិតក្នុងតំបន់ជនបទ។
គម្រោងខាងលើនេះ នឹងធ្វើការពង្រីកលើផ្លូវចាស់ដោយក្រាលកៅស៊ូ AC សាងសង់ស្ពានថ្មីចំនួន ១១កន្លែង និងស្ថាបនាលូរំដោះទឹកភ្លៀង មានលូជ្រុងកាត់ទទឹងថ្នល់ ៥៦កន្លែង និងលូមូលកាត់ទទឹងថ្នល់ ១៧កន្លែង។ ការស្ថាបនាគ្រោងនឹងរយៈពេលសាងសង់ ៣០ខែ (ប្រហែល២ឆ្នាំកន្លះ) ដែលអាចនឹងចាប់ផ្តើមដំណើរការដ្ឋានយ៉ាងយូរនៅចុងឆ្នាំនេះ៕
