ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញថ្លែងបទបាឋកថាស្តីពី «កាលានុវត្តភាពអាជីពក្នុងវិស័យទេសចរណ៍ និងយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង» នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋមន្ត្រី ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីធ្វើបទបាឋកថាស្តីពី «កាលានុវត្តភាពអាជីពក្នុងវិស័យទេសចរណ៍ និងយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង» ជូនលោក លោកជំទាវ លោក លោកស្រី គណៈគ្រប់គ្រងសាកលវិទ្យាល័យ សាស្ត្រាចារ្យ និងនិស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទេសចរណ៍ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធក្នុងការងារដឹកនាំ គ្រប់គ្រងនិងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា និងកាលានុវត្តភាពថ្មីៗក្នុងការចាប់យកអាជីពក្នុងវិស័យទេសចរណ៍ ព្រមទាំងការជំរុញការអនុវត្តយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង។

ពិធីដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីលោកបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង លោក លោកជំទាវថ្នាក់ដឹកនាំក្រសួងទេសចរណ៍ លោក លោកស្រីគណៈគ្រប់គ្រង ព្រឹទ្ធបុរសមហាវិទ្យាល័យ សាស្ត្រាចារ្យ និងប្អូនៗនិស្សិតទាំងអស់សរុបប្រមាណ ៣០០នាក់។

ថ្លែងក្នុងពិធីនេះ រដ្ឋមន្ត្រី បានលើកទឹកចិត្តនិស្សិតទាំងអស់ គិតវិជ្ជមាន និយាយវិជ្ជមាន ធ្វើសកម្មភាពវិជ្ជមាន និងផ្សព្វផ្សាយព័ត៌មានពិតនិងវិជ្ជមាន ដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៍ និងកិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ។ ជាមួយគ្នានេះ និស្សិតត្រូវរក្សាសុខភាព រក្សាវិន័យឱ្យបានខ្ជាប់ខ្ជួន អភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ មានសីលធម៌ និងគុណធម៌ ដើម្បីក្លាយខ្លួនជាមូលធនមនុស្ស និង ត្រៀមខ្លួនចាប់យកឱកាសអាជីពការងារជាច្រើននៅក្នុងវិស័យទេសចរណ៍។