កំណង់ធំ:ម្ចាស់កសិដ្ឋាននៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កំពុងចូលរួមក្នុងគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) និងគោលនយោបាយ របស់រាជរដ្ឋាភិបាល លើការពង្រីកគម្រោងដាំបន្លែ ជាពិសេសការចិញ្ចឹមមាន់ ទា ក្ងាន ដើម្បីរក្សាសន្តិសុខស្បៀង និងស្ថិរភាពលើទីផ្សារ និងការនាំចេញ។
ឯកឧត្តម តាំង សុខឃី ប្រធានក្រុមប្រឹក្សាភិបាល ឃី ចិន្តា ឌីវេឡុបម៉ិន និងជាម្ចាស់កសិដ្ឋានដាំដុះដំណាំ វារីវប្បកម្ម និងការចិញ្ចឹមមាន់ ទា ក្ងាន នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លើកឡើងថា ជុំវិញការចិញ្ចឹមសត្វបែបធម្មជាតិ គ្រួសារកសិករដែលមានដី ទូលាយ គួរអនុវត្តការដាំដុះបន្លែ និងការចិញ្ចឹមសត្វឱ្យបានច្រើន ជាពិសេសការចិញ្ចឹម មាន់ ទា ក្ងានជាដើម ព្រោះការចិញ្ចឹមបែបនេះ ប្រសិនបើយើងយកចិត្តទុកដាក់ វានឹងហុចផងឱ្យយើងបានយ៉ាងងាយស្រួល ដើម្បីដោះស្រាយនូវខ្ទង់ចំណាយផ្សេងៗ សម្រាប់ជីវភាព រស់នៅប្រចាំថ្ងៃដូចជា ការផ្គត់ផ្គង់ហូបចុកនៅក្នុងគ្រួសារ និងអាចលក់ដូរនៅលើទីផ្សារ ដើម្បីស្វែងរកចំណូលបន្ថែម និងធ្វើឱ្យកសិករ មានជីវភាពរស់នៅកាន់តែប្រសើរ។
ជុំវិញការអភិឌ្ឍន៍វិស័យកសិកម្ម កសិដ្ឋានឯកឧត្តម បានកំពុងរីកលូតលាស់យ៉ាងខ្លាំង គាំទ្រដល់ជីវភាពរស់នៅប្រចាំថ្ងៃ បានកំពុងបន្ស៊ីទៅនិងគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបាននិងកំពុងយកចិត្តទុកដាក់ធានាដល់ លំនឹងថ្លៃកសិកម្ម រក្សាក្នុងតម្លៃសមរម្យនៅលើទីផ្សារ សំដៅការពារនិរន្តភាពសន្តិសុខស្បៀង តាមរយៈជំរុញអភិវឌ្ឍវិស័យកសិកម្ម និងដើម្បីលើកកម្ពស់ជីវភាពកសិករកាន់តែប្រសើរ ខណៈដែលរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ នូវគោលនយោបាយ កម្មវិធីអាទិភាព សំដៅដោះស្រាយបញ្ហាប្រឈមក្នុងវិស័យកសិកម្ម ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ជុំវិញដាំបន្លែនិងចិញ្ចឹមមាន់ស្រែ, បើយោងតាមផេកផ្លូវការរបស់ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងឱ្យដឹងថា កសិករអ្នកដាំបន្លែ និងចិញ្ចឹមមាន់ស្រែចំនួន ៨១ គ្រួសារ នៅក្នុងសហគមន៍កសិកម្មមាន់ ស្រែអូរផុត នៅស្រុកត្រាំកក់ ខេត្តតាកែវ ទទួលបានជំនួយឥតសំណងក្នុងទំហំទឹកប្រាក់ប្រមាណ ១,២ លានដុល្លារ ពីគម្រោង ពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដែលជាកម្មវិធីគាំទ្រហិរញ្ញប្បទានដោយធនាគារពិភពលោក ក្នុងនោះ ១៤ ម៉ឺនដុល្លារ សម្រាប់ គាំទ្រ ៤០% ដល់ការវិនិយោគដាំបន្លែក្នុងផ្ទះសំណាញ់ និងការចិញ្ចឹមមាន់ស្រែ យកស៊ុត និងប្រហែល ១ លានដុល្លារទៀត សម្រាប់សាងសង់ផ្លូវកៅស៊ូប្រវែង ៦,៤ គីឡូម៉ែត្រនៅក្នុងសហគមន៍។
គិតជាមធ្យម ក្រុមកសិករអ្នកដាំបន្លែក្នុងមួយគ្រួសារ ទទួលបានជំនួយឧបត្ថម្ភចំនួន ២៣០០ ដុល្លារ ចំណែកឯក្រុមអ្នកចិញ្ចឹមមាន់ស្រែ ទទួលបាន ១២០០ ដុល្លារ។ បញ្ហានេះ គឺសហគមន៍គ្រោងនឹងសហការជាមួយក្រសួងកសិកម្ម ដើម្បីប្រែក្លាយខ្លួនទៅជាសហគមន៍ កសិកម្មទំនើប ដែលនឹងអនុញ្ញាតឱ្យសហគមន៍អាចទទួលការគាំទ្របន្ថែម ខាងផ្នែកដើមទុនការប្រាក់ទាប បច្ចេកទេសតាមស្តង់ដា និងការធានាពីទីផ្សារ៕អត្ថបទ៖ សុន រ៉ាឌី



