ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បណ្ឌិត គុណ ញឹម អះអាងថា អង្ករដំណើបជាង៨០តោ​ន ដែលសមត្ថកិច្ចខេត្តកំពង់ធំឃាត់ ជាអង្ករនាំចូលពីប្រទេសឡាវ មិនមែនរបស់ថៃ

(ភ្នំពេញ)៖ បន្ទាប់ពីប៉ុន្មានថ្ងៃនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម ផ្ទុះការវែកញែកយ៉ាងច្រើន ករណីឃាត់រថយន្តដឹកអង្ករដំណើប នាំចូលពីប្រទេសឡាវតាមច្រកកំពង់ស្រឡៅ ខេត្តព្រះវិហារ ដោយចោទប្រកាន់ថាអង្ករដំណើបទាំងនោះជារបស់ថៃ និងចោទថាមន្ត្រីកម្ពុជាខ្វះមនសិការជាតិនិយមផងដែរនោះ, នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ឱ្យដឹងថា អង្ករដំណើបជាង៨០តោននោះ គឺជាអង្កររបស់ប្រទេសឡាវ នាំចូលមកម្ពុជា មិនមែនជារបស់ប្រទេសថៃឡើយ។
លោករដ្ឋមន្ត្រីប្រតិភូបញ្ជាក់ថា «អង្ករដំណើបទាំងអស់នោះ គឺនាំចូលពីឡាវ ហើយមានបង់ពន្ធ ដូចមានលិខិតបញ្ជាក់ជូន»។
ជាមួយគ្នានេះ លោកអគ្គនាយកបានសំណូមដល់បងប្អូន អ្នកប្រើប្រាស់បណ្តាញសង្គម សូមពិចារណា និងស្វែងរកការពិតឱ្យបានច្បាស់លាស់ មុននឹងបញ្ចេញមតិនានា ដែលប៉ះពាល់ដល់កិត្តយស និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។
បើតាមមន្ត្រីគយ អង្ករដំណើបដែលនាំចូលពីប្រទេសឡាវនេះ គឺអ្នកនាំចូលដឹកជញ្ជូនតាមទូកហើយបង់ពន្ធ បន្ទាប់ពីបង់ពន្ធរួចម្ចាស់ទំនិញបានយកអង្ករដំណើបទាំងនោះ មករក្សាទុកនៅក្នុងឃ្លាំង ពេលមានតម្រូវការបញ្ជាទិញពីរាជធានីភ្នំពេញ ឬខេត្តផ្សេងៗ ទើបដឹកចេញតាមរថយន្តទៅកាន់ទីតាំងដែលមានតម្រូវការទាំងនោះ៕