កំពង់ឆ្នាំង៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រង ល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានសហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំងរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងប្រតិបត្តិការល្បែងពាណិជ្ជកម្មនិងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ”។
កិច្ចប្រជុំនេះ ក្រោម ការដឹកនាំនិងសម្របសម្រួលដោយលោក ឃឹម ឧត្តម អនុប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិងគ្រប់គ្រង អាជ្ញាបណ្ណ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. និងលោក យ៉ង ភិរម្យ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីតំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, ស្នងការដ្ឋាននគរបាលខេត្ត, គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក, មន្ទីរ/អង្គភាពពាក់ព័ន្ធ, ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង, ព្រមទាំងមន្ត្រីជំនាញនៃ គ.ល.ក. ប្រមាណ ៨០ នាក់។








