ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាប្រធានសមាគមបណ្ដាញកសិករតេជោ រួមទាំងសហការី បានដឹកនាំប្រជុំសមាគមបណ្ដាញកសិករតេជោ ផ្នែកវារីវប្បកម្ម

រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម
បណ្ឌិត កៅ ថាច ប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាប្រធានសមាគមបណ្ដាញកសិករតេជោ រួមទាំងសហការី បានដឹកនាំប្រជុំសមាគមបណ្ដាញកសិករតេជោ ផ្នែកវារីវប្បកម្ម។ កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីរួបរួម និងប្រមូលផ្ដុំបងប្អូនកសិករផ្នែកវារីវប្បកម្ម ចូលរួមផ្ដល់យោបល់លើទិសដៅនៃការអភិវឌ្ឍន៍វិស័យកសិកម្មផ្នែកវារីវប្បកម្ម ដែលស្របតាមគោលដៅ និងបេសកកម្មរបស់សមាគម។
ក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិត បានបង្ហាញពីគោលបំណងរបស់សមាគម និងបញ្ជាក់ពីផែនការសកម្មភាពរបស់សមាគមក្នុងវិស័យវារីវប្បកម្ម។ កិច្ចប្រជុំ ក៏បានពិភាក្សាពីបញ្ហាចម្បងសំខាន់ៗក្នុងវិស័យវារីវប្បកម្ម និងពិភាក្សាស្វែករកដំណោះស្រាយរួមគ្នា ជាពិសេសការពិភាក្សាស្វែងរកលទ្ធភាពបង្កើតជា “ផែនការយុទ្ធសាស្ត្រវារីវប្បកម្ម”។

ចំពោះកង្វល់របស់វារីវប្បករលើការប្រកួតប្រជែងជាមួយផលិតផលនាំចូលវិញ លោកបណ្ឌិតបានគូសបញ្ជាក់ជូនអង្គប្រជុំថា ក្នុងសេដ្ឋកិច្ចទីផ្សារសេរី យើងមិនអាចបិទការនាំចូលទំនិញបរទេសដោយគ្មានមូលហេតុនោះទេ។ ប៉ុន្តែលោកបណ្ឌិតប្រធានសមាគមបានស្នើសុំឱ្យវារីវប្បករទាំងអស់ត្រូវ៖ ១/.រួមគ្នាពង្រឹងការផលិតឱ្យមានគុណភាពនិងស្តង់ដារត្រឹមត្រូវ និង ២./រួមគ្នារិះរកមធ្យោបាយកាត់បន្ថយថ្លៃដើមផលិតឱ្យនៅទាបវិញ ដែលកត្តាទាំង ២ នេះជាគន្លឹះសំខាន់បំផុតធ្វើឱ្យផលិតផលវារីវប្បកម្មរបស់កម្ពុជាយើងអាចប្រកួតប្រជែងនឹងផលិតផលបរទេស ឬ ផលិតផលនាំចូលបាន។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏នឹងបន្តពង្រឹងលើការត្រួតពិនិត្យគុណភាពផលិតផលនាំចូលឱ្យស្របតាមស្រង់ដារត្រឹមត្រូវ ធានាបាននូវការប្រកួតប្រជែងដោយស្មើភាពនិងយុត្តិធម៌ ជាមួយផលិតផលក្នុងស្រុក។
ក្នុងកិច្ចប្រជុំនោះដែរ ក៏មានតែងតាំងអនុប្រធានសមាគមបណ្ដាញកសិករតេជោផ្នែកវារីវប្បកម្ម និងប្រធានផ្នែកវារីវប្បកម្មតាមបណ្ដាខេត្ត ដើម្បីសម្រេចឱ្យបានតាមផែនការដែលបានរៀបចំក្នុងការពង្រឹងផ្នែកវារីវប្បកម្ម។

ជាចុងក្រោយ លោកបណ្ឌិត មានប្រសាសន៍អំពីការចងក្រងគ្នាទៅតាមតំបន់-ខេត្ត ជួយគ្នាទៅវិញទៅមកជាកត្តាលិករ នៃដំណោះស្រាយក្នុងបញ្ហាដែលកំពុងប្រឈមបច្ចុប្បន្ន ធ្វើយ៉ាងណាប្រើប្រាស់ធនធានមនុស្សខាងវារីវប្បកម្មរបស់យើងឱ្យអស់លទ្ធភាព។