ខេត្តត្បូងឃ្មុំ:នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងជាអនុប្រធានទី១ក្រុមការងារគណបក្សចុះជួយខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនពលរដ្ឋទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គចំនួន១.៨០០ គ្រួសារ មកពីភូមិចំនួន១៤ ឃុំចំនួន៣ នៃស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលកំពុងស្នាក់នៅទីទួលសុវត្ថិភាព។
មានមតិសំណេះសំណាលក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានពាំនាំនូវព្រះរាជបណ្ដាំ របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ពិសេស ជួយដោះស្រាយរាល់ទុក្ខលំបាកប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលរងគ្រោះដោយធម្មជាតិ ឧបទ្ទវហេតុផ្សេងៗ ពោលគឺមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬពណ៌សម្បុរឡើយ។
ទន្ទឹមនោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រូវថែរក្សាសុខភាពរបស់ខ្លួនឲ្យចៀសផុតពីជំងឺផ្សេងៗ ដែលបណ្តាលមកពីការ ខ្វះអនាម័យ ជាពិសេសត្រូវប្រយ័ត្នក្មេងតូចៗ និងមនុស្សចាស់ដែលគ្រោះថ្នាក់ដោយសារលង់ទឹក។
ក្នុងឱកាសនោះដែរ ឯកឧត្តម វង សូត បាននាំយកថវិការបស់ឯកឧត្តមផ្ទាល់ និងថវិកាតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំចំនួន៩០លានរៀលចូលរួមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជនន់ផងដែរ។















