(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំង ថ្នាក់ដឹកនាំ បានផ្ញើសារលិខិតអបអរសាទរ និងជូនពរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ដែលត្រូវបាន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចទ្រង់សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី។
ឆ្លៀតក្នុងឱកាសដ៏មហាប្រសើរវិសេសវិសាលនេះ យើងខ្ញុំ សូមសម្តែងនូវមនោសញ្ចេតនា រីករាយយ៉ាងក្រៃលែង និងអំណរសាទរយ៉ាងជ្រាលជ្រៅក្នុងឱកាសដែល ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី តាមព្រះរាជក្រឹត្យលេខ នស/រកត/១០២៥/១៣៣២ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥»។
ការទទួលបាននូវឋានៈតួនាទីដ៏ឧត្តុង្គឧត្តមនេះ គឺពិតជាស័ក្តិសមជាទីបំផុតចំពោះគុណបំណាច់ និង ស្នាដៃឆ្នើមរបស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ដែលបានខិតខំប្រឹងប្រែងលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយមិនខ្លាចនឿយហត់ និងបានធ្វើពលិកម្មជាច្រើនប្រកបដោយមនសិការជាតិក្នុងបុព្វហេតុជាតិមាតុភូមិ ដើម្បី ជាឧត្តមប្រយោជន៍ដល់សង្គមជាតិ និងប្រជាជនកម្ពុជា ស្របតាមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ»។
ជាថ្មីម្តងទៀត សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សា ព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការជូនចំពោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

