ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ ក្នុងឱកាសដ៏នក្ខត្តឫក្សនៃព្រះរាជពិធីខួបលើកទី២១នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្ដិ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ:ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ
ក្នុងឱកាសដ៏នក្ខត្តឫក្សនៃព្រះរាជពិធីខួបលើកទី ២១ (២៩ តុលា ២០០៤-២៩ តុលា ២០២៥) នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្ដិ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំយើងខ្ញុំ ជាថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) សូមក្រាបបង្គំទូលថ្វាយនូវព្រះសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការថ្វាយព្រះករុណាថ្លៃវិសេសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់សមប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគ្រងជាម្លប់ដ៏ត្រជាក់ដល់ប្រជានុរាស្រ្តខ្មែរទូទាំងប្រទេស។

ទូលព្រះបង្គំជាខ្ញុំ កៅ ថាច សូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយនូវមនោសញ្ចេតនា និងចូលរួមថ្វាយព្រះរាជសព្ទសាធុការពរជ័យ សិរីមហាមង្គល ប្រកបដោយកតញ្ញូកតវេទីតាធម៌យ៉ាងស្មោះស្ម័គ្របំផុត ចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យបំពេញ ព្រះរាជសកម្មភាព ប្រកបដោយព្រះគុណធម៌ ព្រះមនុស្សធម៌ ចំពោះជាតិមាតុភូមិ និងប្រជារាស្ត្រ តាមស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ហើយព្រះអង្គទ្រង់ជានិម្មិតរូបនៃការឯកភាពជាតិ អធិបតេយ្យ បូរាណភាពទឹកដី និរន្តរភាពជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាម្លប់ដ៏សុខក្សេមក្សាន្តត្រជាក់ត្រជំ ដល់ប្រជារាស្ត្រខ្មែរទូទាំងប្រទេស។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតជាថ្មីម្តងទៀត ធ្វើអភិវន្ទនកិច្ចថ្វាយនូវព្រះរាជសព្ទ សាធុការពរជ័យ បវរមហាប្រសើរ និងសូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងអស់ក្នុងលោក មហិទ្ធិឫទ្ធិបុណ្យបារមីនៃទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ និងដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំ ព្រះសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយ ព្រះករុណាជាអម្ចាស់ ទ្រង់ប្រកបដោយ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួនខ្លាំងក្លា ព្រះបញ្ញាញាណឈ្លាសវៃ និងព្រះជន្មាយុយឺនយូរជាងរយ ព្រះវស្សា ដើម្បីទ្រង់គង់ប្រថាប់ក្នុងព្រះបរមរាជសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជំ សុខដុមរមនារបស់មាតុភូមិកម្ពុជា និងប្រជារាស្ត្រខ្មែរគ្រប់រូបតរៀងទៅ៕