ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានបើកវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២២ ដើម្បីជជែកពិភាក្សាលើប្រធានបទទាក់ទងនឹងបច្ចុប្បន្នភាពនៃតួនាទីរបស់អ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន

ភ្នំពេញ:នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានបើកវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២២ ដែលជា វេទិកាប្រចាំឆ្នាំដ៏ធំបំផុតរបស់ ក.អ.ក ដើម្បីផ្តល់ឱកាសដល់នាយកគ្រប់គ្រង និពន្ធនាយក និពន្ធនាយករង ឬអ្នកដឹកនាំស្ថាប័នសារព័ត៌មានទាំងកាសែត វិទ្យុ និងទូរទស្សន៍ ដើម្បីជជែកពិភាក្សាលើប្រធានបទទាក់ទង នឹងបច្ចុប្បន្នភាពនៃតួនាទីរបស់អ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន ដែលមានការចូល​រួម​នាយកគ្រប់គ្រង និពន្ធនាយក និពន្ធនាយករង និងអ្នកសារព័ត៌មានសរុបមានចំនួន១៧០នាក់ មកពី១០៩ស្ថាប័ន។

ឆ្នាំនេះវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាបានលើកយកប្រធានបទដូចខាងលើដើម្បីពិភាក្សាផ្លាស់ ប្តូរយោបល់និងចេញសេចក្តីថ្លែងការណ៍រួមមួយដែលឆ្លុះបញ្ចាំងពីឆន្ទៈ និងការប្តេជ្ញាចិត្តរបស់អ្នកដឹកនាំសារព័ត៌មានក្នុង ការជំរុញការអប់រំបណ្តុះបណ្តាលអ្នកសារព័ត៌មានអំពីការទទួលខុសត្រូវលើការសរសេរព័ត៌មាន ការធ្វើសេចក្តីរាយការណ៍ព័ត៌មាន ការផ្សាយផ្ទាល់ រួមទាំងច្បាប់ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងជម្លោះព្រំដែន ចៀសវាងបញ្ហា ប្រឈមនឹងផ្លូវច្បាប់ និងការរិះគន់ពីសាធារណជន និងរួមចំណែកលើកកម្ពស់សិទ្ធិសេរីភាព និងការអភិវឌ្ឍវិស័យសារព័ត៌មាននៅកម្ពុជា។

វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២២ ឆ្នាំនេះក៏មានកិច្ចពិភាក្សាចែករំលែកបទពិសោធន៍ ដែលសម្របសម្រួលដោយ លោក ពុយ គា ប្រធាន ក.អ.ក ដែលមានការអញ្ជើញចូលជាវាគ្មិនកិត្តិយសពីឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និង ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា។