ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម វ៉ាត់ ចំរើន អញ្ជើញចុះហត្ថលេខា ជាមួយ​ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ជា​ផ្លូវការ​ហើយ ​ដើម្បី​ទទួលកម្មសិទ្ធិ សម្រាប់​ការ​​ធ្វើ​ជាម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡាយុវជន​អាស៊ី លើកទី៤ ឆ្នាំ ២០៣១

ភ្នំពេញ:ពិធីចុះហត្ថលេខាលើកិច្ចសន្យា​នេះ​ ត្រូវបានធ្វើ​ឡើង ក្នុងមហាសន្និបាត​របស់ OCA នៅរដ្ឋធានីតាស្កិន ប្រទេសអ៊ូបេគីស្ថាន កាលពី​ព្រឹក​ថ្ងៃទី ២៦ ខែមករា​នេះ គឺជា​ការ​ចុះ​ហត្ថលេខាដោយផ្ទាល់​របស់​​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​លោក​ សេង វណ្ណៈ អភិបាលរង​នៃគណៈអភិបាលរាជធានីភ្នំពេញ ជាមួយ​លោក Timothy Fox ប្រធានស្តីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ី។

ការ​ចុះហត្ថលេខាលើកិច្ចសន្យា ធ្វើ​ជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៤ ឆ្នាំ២០៣១ នេះ គឺ​ទទួល​បាន​ការ​អនុញ្ញាត​ជា​គោលការណ៍​ដ៏​ខ្ពង់​ខ្ពស់​បំផុត ​​ពីលោកនាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ហើយនេះជា​លើក​ដំបូង​ហើយ ដែល​កម្ពុជា ទទួលបាន​សិទ្ធិ​​ធ្វើជា​​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡាយុវជអាស៊ីនេះ។

យ៉ាង​ណា​ក៏​ដោយ កម្ពុជា ធ្លាប់​ទទួល​បាន​លទ្ធផល​យ៉ាងត្រចេះត្រចង់ ទៅលើការ​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​ស៊ីហ្គេម លើក​ទី ៣២ ឆ្នាំ ២០២៣ ហើយ​តាម​រយៈបទពិសោធន៍​នោះ កម្ពុជា នៅតែ​មានការ​ជឿជាក់ ក្នុង​ការ​​រៀបចំ​ព្រឹត្តិការណ៍​កម្រិតអាស៊ី​នេះ ឱ្យបាន​ល្អ និង​មាន​ភាពរលូន ដើម្បី​ផ្តល់ជាទំនុក​ចិត្ត​ដល់​​ប្រទេស​ទាំង​អស់ នៅ​ក្នុងតំបន់អាស៊ី សម្រាប់​ការ​ត្រៀម​ខ្លួន​ចូល​រួម​ព្រឹត្តិការណ៍​នេះ នៅឆ្នាំ ២០៣១។ ​
ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់​ថា៖ «កិច្ច​សន្យា​នេះ ជា​យន្ត​ការ​ស្តង់ដា​ប្រតិបត្តិ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ពហុកីឡា​យុវជន AYG-2031 ដែល​បែង​ចែក​ការ​ទទួល​ខុស​ត្រូវ រវាង​ម្ចាស់​កម្ម​សិទ្ធិ និង​ម្ចាស់​ផ្ទះ​ឱ្យ​បាន​ត្រឹម​ត្រូវ តាម​និយាម​កីឡា​អន្តរ​ជាតិ ជា​ពិសេស​ការ​បញ្ជាក់ និង​ធានា​ឱ្យ​ព្រឹត្តិការណ៍​ប្រកួតរៀបចំ និង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ទន់​ភ្លន់ ម៉ឺង​ម៉ាត់ និង​ជោគ​ជ័យ សម្រាប់​សមា​ជិក​អូឡាំ​ពិក​ទាំង ៤៥ ​ប្រទេស​ត្រៀម​​ចូល​រួម»។

ឯកឧត្តម វ៉ាត់ ចំរើន បាន​អះអាងថា ចលនាអូឡាំពិកកម្ពុជា ប្តេជ្ញាខិតខំប្រឹងប្រែងត្រៀមគ្រប់លក្ខណៈសម្បត្តិ ដើម្បីបំពេញកាតព្វកិច្ចឱ្យ​បាន​ល្អ ក្នុងការ​នាំ​យក​កំណត់ត្រាប្រវត្តិសាស្រ្តថ្មីមួយ​ទៀត​ជូន​កម្ពុជា និងចូលរួមអបអរសាទរកម្ពុជា ក្លាយជាប្រទេស មានសេដ្ឋកិច្ចមធ្យមកម្រិតខ្ពស់ ក្នុ​ង​ឆ្នាំ២០៣០។

ប្រតិភូ​កម្ពុជា ដឹកនាំ​ដោយ ​ឯកឧត្តម វ៉ាត់ ចំរើន ពេល​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​របស់ OCA នៅ​ប្រទេសអ៊ូបេគីស្ថាន កាលពី​ព្រឹក​ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៦។ រូប​ថត NOCC

ឯកឧត្តម វ៉ាត់ ចំរើន ​រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និង​កីឡា ផង​នោះ បាន​អំពាវនាវ​ដល់​គ្រប់​មជ្ឈដ្ឋានជាតិ និង​អន្តរជាតិ សូមឱ្យមានការជឿជាក់លើរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែល​នឹង​ធ្វើ​ឱ្យ​ប្រទេស​ជាតិ ​មាន​ភាព​អស្ចារ្យ​ម្ដង​ទៀត ​ក្នុង​ឆ្នាំ២០៣១ បន្ទាប់ពីកម្ពុជា ទទួលបាន​​លទ្ធផល​យ៉ាងត្រចះត្រចង់ ជាប្រវត្តិសាស្រ្ត សម្រាប់ការ​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម ជា​លើកដំបូង កាលពី​ឆ្នាំ ២០២៣។

គួររំឭក​ថា ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៤ នេះ ដំបូង​ឡើយ ត្រូវ​ធ្វើ​នៅ​ឆ្នាំ ២០២៩ ប៉ុន្តែ​​​ក្រុមប្រឹក្សាអូឡាំពិកអាស៊ី ក្នុង​កិច្ចប្រជុំគណៈកម្មការប្រតិបត្តិ​របស់​ខ្លួន នៅប្រទេស​បារ៉ែន កាល​ពី​ថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២៥ បានស្នើកម្ពុជា លើក​ពេល​​ការ​ប្រកួត ទៅ​ធ្វើ​នៅ​ឆ្នាំ ២០៣១​វិញ ​ ក្រោមមូលហេតុកែសម្រួលពេលវេលារៀបចំ​ព្រឹត្តិការណ៍នេះ ពី ៤ឆ្នាំ ទៅ ២ ឆ្នាំម្ដងវិញ ហើយ​រដ្ឋាភិបាលកម្ពុជា និង NOCC បាន​យល់ព្រមតាមការស្នើនេះ៕