ភ្នំពេញ៖ ឧកញ៉ា កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លីលី ហ៊្វូដ ដែលគេស្គាល់ថា ជាក្រុមហ៊ុនក្នុងស្រុកដែលកំពុងតែផលិតនូវផលិតផលខ្មែរកែច្នៃពីអង្ករនោះ ព្រមជាមួយ និងកូនស្រីនៅថ្ងៃទី៣ ខែកុម្ភៈនេះបានធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងដើម្បីស្វែងរកឱកាសនាំចេញផលិតផលជាច្រើនប្រភេទរបស់ខ្លួន ទៅកាន់ទីផ្សារបន្ថែមទៀត។
នៅក្នុងដំណើរទស្សនកិច្ចនោះដែរ ឧកញ៉ា កែវ មុំ និងកូនស្រីបានជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង នៅឯស្ថានទូតកម្ពុជានាទីក្រុងសេអ៊ូល។ គោលបំណងនៃការធ្វើទស្សនកិច្ចមកកូរ៉េលើកនេះឧកញ៉ា កែវ មុំ បានបញ្ជាក់លើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា«ក្នុងគោលបំណងពិនិត្យរោងចក្រវេចខ្ចប់ផ្លាស្ទិចរបស់កូរ៉េ ដែលខាងស្ថានទូតបានជួយភ្ជាប់ទំនាក់ទំនងកាលពីចុងឆ្នាំ២០២៥ កន្លងទៅនេ។
សម្រាប់ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បានចាត់ទុក ដំណើរទស្សនកិច្ចរបស់ឧកញ៉ា កែវ មុំ មកកូរ៉េលើកនេះ នឹងទទួលបានជោគជ័យ ព្រមទាំងអាចនាំយកបទពិសោធន៍ល្អៗ ចែករំលែកទៅកាន់ផលិតករដទៃទៀតនៅកម្ពុជា។
សូមជម្រាបថា ម្ចាស់ក្រុមហ៊ុន លីលី ហ៊្វូដ រូបនេះ កំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើគុណភាព និងសមត្ថភាពផលិតរបស់ក្រុមហ៊ុនវេចខ្ចប់របស់កូរ៉េនេះ ហើយចង់សហការជាមួយក្រុមហ៊ុន ដើម្បីបង្កើនសោភ័ណភាព និងស្តង់ដារនៃការវេចខ្ចប់ផលិតផលរបស់ក្រុមហ៊ុននំស្រួយលីលី។
ជាពិសេសនោះ តាមរយៈទស្សកិច្ចនេះ ក្រុមហ៊ុនគ្រោងនាំចេញផលិតផលជាច្រើនប្រភេទរបស់ក្រុមហ៊ុននំស្រួយលីលី ទៅកាន់ផ្សារកូរ៉េខាងត្បូង ផងដែរ។គួរបញ្ជាក់ថា បច្ចុប្បន្នទីផ្សារនំស្រួយលីលី ក្តោបបានចំណែកទីផ្សារ ក្នុងស្រុកប្រមាណ ៣៥ភាគរយ ពោលគឺគិតទាំងការប្រកួតប្រជែងជាមួយនឹងផលិតផលនាំចូល និងក្នុង ស្រុកទាំងមូលផងដែរ ហើយនំស្រួយលីលីក៏បាននិងកំពុងចរាចរ នៅលើទីផ្សារមួយចំនួន នៅក្នុងប្រទេសជាសមាជិកអាស៊ានដូចជាប្រទេសមីយ៉ាន់ម៉ា ម៉ាឡេស៊ី និងវៀតណាមជាដើម ព្រមទាំងនៅទីផ្សារប៉ែកខាងសហរដ្ឋអាមេរិក កាណាដា និងកូរ៉េផងដែរ៕




រូបភាព៖ ហ្វេសប៊ុកឧកញ៉ា កែវ មុំ