ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីលឹម គានហោ ប្រជុំពិនិត្យលើវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារបន្ត

ភ្នំពេញ៖ ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានជួបប្រជុំការងារជាមួយថ្នាក់ដឹកនាំក្រសួង មន្រ្តីថ្នាក់អគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន ប្រធាននាយកដ្ឋាន និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្ត និងមន្រ្តីថ្នាក់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក៏បានអញ្ជើញចូលរួមផងដែរ។ 

លោករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ប្រធានអាជ្ញាធរទន្លេសាប បានជម្រាបជូនអំពីសភាពការណ៍វិវត្តន៍ជារួមក្នុងក្របខ័ណ្ឌសកល ក្នុងតំបន់ និងកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់កិត្យានុភាព និងការរីកចម្រើនប្រកបដោយចីរភាពរបស់កម្ពុជា។  

ក្នុងក្របខ័ណ្ឌការងារស្ថាប័នលោករដ្ឋមន្រ្តី បានជម្រាបអំពីសមិទ្ធផលចម្បងសំខាន់ៗ ក្នុងវិស័យធនធានទឹក និងឧតុនិយម ក៏ដូចជាការងារសម្រាប់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ដែលសម្រេចបានរហូតមកដល់ពេលនេះ ហើយបានរួមចំណែកទ្រទ្រង់ដល់កំណើននៃការរីកលូតលាស់សេដ្ឋកិច្ចជាតិជាបន្តបន្ទាប់។ 

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នាពេលកន្លងមក និងបច្ចុប្បន្ន ដែលធ្វើឲ្យកិច្ចការជាអាទិភាពសម្រេចបានជោគជ័យ និងទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ។ 

បន្ថែមពីលើនេះ លោករដ្ឋមន្រ្តី ក៏បានជម្រាបអំពីសា្ថនភាពអាកាសធាតុ ដែលកំពុងតែកើតមាននៅកម្ពុជា និងត្រូវតាមដាន និងក្តាប់ឲ្យបាននូវការវិវត្តន៍ ដើម្បីមានវិធានការជាក់ស្តែងបានទាន់ពេលវេលា ដែលបញ្ហានេះស្នើឲ្យប្រធានមុខព្រួញទទួលបន្ទុកតាមខេត្តនីមួយៗ ក៏ដូចជាប្រធានមន្ទីរគ្រប់រាជធានី-ខេត្ត ត្រូវបង្កើនការទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ថែមទៀត លើការងារត្រួតពិនិត្យទឹក ដោះស្រាយទឹកសម្រាប់បង្កបង្កើនផល អន្តរាគមន៍គ្រោះរាំងស្ងួត និងទឹកជំនន់ជាដើម។ 

អង្គប្រជុំបានពិនិត្យលើវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារបន្ត ព្រមទាំងបានពិភាក្សាលើវិធានការជាក់ស្តែងចំពោះមុខ ដើម្បីបន្តលើកកម្ពស់ប្រសិទ្ធភាពការងារឲ្យបានកាន់តែប្រសើរថែមទៀត ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើនជាបន្តទៀត។

នៅក្នុងពិធីជួបសំណះសំណាលនោះ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ជាន់ថ្នាក់នៃក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក៏ដូចជាអាជ្ញាធរទន្លេសាប ត្រូវបន្តខិតខំបំពេញការងារឲ្យបានកាន់តែសកម្ម និងមានប្រសិទ្ធភាពថែមទៀត ដើម្បីសម្រេច និងនាំមកនូវជោគជ័យ និងសមិទ្ធផលថ្មីៗថែមទៀត រួមចំណែកគាំទ្រដល់បេសកកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការអភិវឌ្ឍ និងការរីកចម្រើនប្រកបដោយចីរភាព នៅកម្ពុជា ទាំងពេលបច្ចុប្បន្ន និងពេលអនាគត៕