ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ផ្លូវ២២ខ្សែកំពុងខូច ក្នុងក្រុងព្រះសីហនុ នឹងត្រូវជួសជុលឡើវិញឲ្យល្អប្រសើរ មុនកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២

ព្រះសីហនុ៖ ចំនួនផ្លូវ២២ខ្សែកំពុងរងការខូចយ៉ាងធ្ងន់ធ្ងរ នៅក្រុងព្រះសីហនុ នឹងត្រូវស្តារឡើងវិញទាំងអស់ រួមទាំងប្រពន្ធ័លូ និងប្រឡាយទឹកកខ្វក់ ដើម្បីឲ្យប្រសើរ នៅមុនកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ខាងមុខ។

គម្រោងនេះត្រូវបានបញ្ជាក់ក្នុងកិច្ចប្រជុំមួយ នៅខេត្តព្រះសីហនុកាលពីថ្ងៃទី១០ ខែកក្កដា​ ឆ្នាំ២០១៩ ក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណ:ការ និងដឹកជញ្ជូន និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងមន្ត្រីជំនាញមួយចំនួនទៀត។

លោកស៊ុន ចាន់ថុល បានបញ្ជាក់ថា ផ្លូវចំនួន២២ខ្សែ ក្នុងក្រុងព្រះសីហនុ នឹងជួសជុលឡើងវិញទាំងអស់។

លោកទេសរដ្ឋមន្ត្រី បានជំរុញឲ្យក្រុមការងារជំនាញពិនិត្យមើលលទ្ធភាព ក្នុងការកៀរគរ ឬខ្ចីប្រភពថវិកាផ្សេងៗ ដើម្បីយកមកស្ថាបនា ជួសជុលកំណាត់ផ្លូវ៦ខ្សែ ដែលខ្វះប្រភពថវិកា ឥណទានថវិកាថ្នាក់ក្រោមជាតិ និងកែលម្អផ្លូវផ្សេងៗទៀត ក្នុងក្រុងព្រះសីហនុ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍សំខាន់ៗនៅពេលខាងមុខ មានដូចជា បុណ្យសមុទ្រនៅឆ្នាំ២០២០ និងរៀបចំកិច្ចប្រជុំអាស៊ាន នៅឆ្នាំ២០២២ខាងមុខ។

បើតាមមន្ត្រីជំនាញ បាននិយាយថា ក្នុងចំណោមផ្លូវទាំងនេះ១២ខ្សែ គឺប្រើប្រាស់ឥណទានថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ៦ខ្សែ ប្រើថវិកាបានមកពីសំណង់បណ្តាក្រុមហ៊ុន  ឬវិនិយោគ ដែលធ្វើឲ្យផ្លូវក្នុងក្រុងព្រះសីហនុខូច ដោយសារការដឹកជញ្ជូនសម្ភារៈផ្សេងៗ បម្រើឲ្យការសាងសង់អគារប្រកបអាជីវកម្មធំៗ ទើបផ្វើឲ្យខូចផ្លូវក្នុងក្រុង។ ចំណែកផ្លូវ៣ខ្សែទៀត គឺជាគម្រោងក្រសួងសាធារណៈការ និងដឹកជញ្ជូន និងផ្លូវ១ខ្សែត្រូវជួសជុលដោយថវិកា កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា បញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង និងការខូចផ្លូវ នៅក្នុងខេត្តព្រះសីហនុ ដែលកើតមានកន្លងមករដ្ឋបាលខេត្តព្រះសីហនុ រួមជាមួយក្រសួងសាធារណ:ការ ​និងដឹកជញ្ជូន នឹងខិតខំដោះស្រាយឲ្យបាន​ ក្នុងពេលឆាប់ៗខាងមុខនេះ ហើយដើម្បីឲ្យគម្រោងទាំងអស់ខាងលើនេះ ទទួលបានប្រសិទ្ឋភាពខ្ពស់ រដ្ឋបាលខេត្តព្រះសីហនុ ស្នើឲ្យប្រជាពលរដ្ឋ ក្នុងខេត្តទាំងអស់ ចូលរួមសហការគ្នាឲ្យបានល្អប្រសើរ៕