ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ជំងឺប៉េស្ត​ជ្រូក បានកើត​ឡើងចំនួន ៤​ខេត្តហើយ នៅកម្ពុជា

​ភ្នំពេញ​៖ មន្ត្រី​ជំនាញ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានប្រកាស​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី “​បញ្ហា​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​” រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នា​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ ។

« គិត​មកដល់​ថ្ងៃនេះ នៅ​កម្ពុជា​យើង ជំងឺប៉េស្ត​ជ្រូក បានកើត​ឡើង នៅ ៤​ខេត្ត គឺ​ខេត្តរតនគិរី ត្បូងឃ្មុំ ស្វាយរៀង និង​ខេត្តតាកែវ​។ ជំងឺប៉េស្ត​ជ្រូក បាន​ឆ្លង​មកដល់​ប្រទេស​កម្ពុជា​យើង កាលពី​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៩ នៅ​ខេត្តរតនគិរី​ »។​

​មន្ត្រី​ជំនាញ បញ្ជាក់ថា ជំងឺប៉េស្ត​ជ្រូក ដែល​កំពុង​រាលដាល​នៅក្នុង​ប្រទេស​កម្ពុជា​យើង ជា​ប្រភេទ​មេរោគ កម្រិត​លេខ​២ ដែល​គ្រោះថ្នាក់​ខ្លាំង​។ ជំងឺ​នេះ បណ្តាល​ឲ្យ​ជ្រូក​ឈឺ​ងាប់ ហើយ​ឆ្លង​រាលដាល​ឆាប់រហ័ស​។​ ប៉ុន្តែជំងឺប៉េស្ត​ជ្រូក​នេះ មិន​ឆ្លង​ដល់​មនុស្ស​ទេ បើសិនជាឲ្យ​ចំណី​បាន​ត្រឹមត្រូវ​។​

​ជំងឺប៉េស្ត​ជ្រូក កើតឡើង​ដំបូង កាលពី​ឆ្នាំ​១៩០៧​។ ជំងឺ​នេះ មិនមាន​ថ្នាំ​ព្យាបាល និង​មិនមាន​វ៉ាក់សាំង​ទេ​។ ដោយឡែក នៅក្នុង​ប្រទេស​ចិន បាន​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក កាលពី​ខែសីហា ឆ្នាំ​២០១៨ និង​នៅ​ប្រទេស​វៀតណាម នៅ​ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​ជា​វិធានការ មន្ត្រី​ជំនាញ​របស់​កម្ពុជា​យើង បាន​ដុត​ជ្រូក ដែល​ឈឺ​ងាប់ ព្រមទាំង​ចេញ​វិធានការ​ជាក់ស្តែង ដោយ​ចេញប្រកាស អប់រំផ្សព្វផ្សាយ សម្លាប់មេរោគ ហើយ​កម្ទេច​សត្វ​ជ្រូក នៅ​កន្លែង​ផ្ទុះ ដោយ​ហាមឃាត់​ការ​ចរាចរណ៍​សត្វ​នៅ​តំបន់ ដែល​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក ទាំង ៤​ខេត្ត​នោះ គឺ​ខេត្តរតនគិរី ខេត្ត​ត្បូងឃ្មុំ ខេត្តស្វាយរៀង និង​ខេត្តតាកែវ​៕​